(សេអ៊ូល)៖ កូរ៉េខាងជើង បានប្រារព្ធខួបកំណើតលើកទី៨០ នៃឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ជាមួយការប្រគុំតន្ត្រី និងការបាញ់កាំភ្លើងធំ អបអរសាទរ នៅក្នុងពិធីដែលរៀបចំឡើងក្នុងទីក្រុងដ៏ពិសិដ្ឋមួយ ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬការបាញ់សាកល្បងមីស៊ីល ដូចសព្វដង នោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាម KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, យោធា និង មន្ត្រីមកពីគណបក្សពលករកូរ៉េ បានចូលរួមក្នុងពិធីប្រារព្ធខួបកំណើតឪពុក របស់លោក គឺលោក គីម ជុងអ៊ីល (ស្លាប់) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅឯទីក្រុងសាំជីយ៉ុន (Samjiyon)។ Samjiyon គឺជាទីក្រុងមួយស្ថិតនៅ ក្បែរព្រំដែនចិន និងភ្នំប៉េកទូ (Paektu) ដែលជាភ្នំដ៏ពិសិដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើង ហើយវាជារឿងកម្រដែលទីក្រុងព្យុងយ៉ាង រៀបចំពិធីបែបនេះក្នុងតំបន់ដាច់ស្រយាលមួយនេះ។

លោក គីម ជុងអ៊ុន កំពុងព្យាយាមប្រែក្លាយទីក្រុង Samjiyon ទៅជាតំបន់សេដ្ឋកិច្ចពិសេស តាមរយៈការសាងសង់អាផាតធឺមិនថ្មី, សណ្ឋាគារ, កន្លែង ជិះស្គី, មជ្ឈមណ្ឌលពាណិជ្ជកម្ម, វប្បធម៌ និងមន្ទីរពេទ្យ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់, កូរ៉េខាងជើងមិនបានធ្វើព្យុហយាត្រាយោធា ឬបាញ់សាកល្បង មីស៊ីលដូចសព្វដងនោះទេ ជំនួសមកវិញដោយការប្រគំតន្ត្រី និងការបាញ់កាំភ្លើងធំអបអរសាទរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមអ្នកវិភាគជាច្រើនតែងតែព្យាករថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដអាវុធសំខាន់ៗ នាឱកាសនៃការប្រារព្ធពិធីបុណ្យជាតិមួយចំនួន ដូចជាខួបកំណើតលោក គីម ជុងអ៉ីល និងខួបកំណើតលើកទី១១០ របស់លោក គីម អ៊ីលស៊ុង ដែលជាជីតាលោក គីម ជុងអ៊ុន នៅថ្ងៃទី១៥ ខែមេសា ខាងមុខជាដើម៕