(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូមិនចង់ឃើញសង្រ្គាមផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបឡើយ ប៉ុន្តែបានស្នើឱ្យ បញ្ហាទំនាក់ទំនងរវាងអ៊ុយក្រែន និង NATO គួរតែត្រូវបានដោះស្រាយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ក្នុងទីក្រុងម៉ូស្គូ លោក ពូទីន បានឱ្យដឹងទៀតថារុស្ស៊ីទទួលបានការជូនដំណឹងពីមហាអំណាចលោកខាងលិចថាអ៊ុយក្រែន នឹងមិនចូលជាសមាជិក NATO ក្នុងពេល អនាគតដ៏ខ្លីនោះទេ។ តែទោះជាបែបនេះក្ដី លោកនៅតែព្រមានដដែលថានេះមិនមែនជាការធានាគួរឱ្យពេញចិត្តទេ។

លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បើសួរថាតើយើងចង់ឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់ ឬក៏អត់? ច្បាស់ណាស់ យើងពិតជាមិនចង់ឃើញឡើយ ដូច្នេះ ហើយទើបយើងបានដាក់ការស្នើមួយចំនួនសម្រាប់កិច្ចចរចា ដែលគួរតែមានកិច្ចព្រមព្រៀងមួយធានាសន្តិសុខយ៉ាងស្មើភាពដល់អ្នកគ្រប់គ្នា ក្នុងនោះ រួមមានទាំងប្រទេសយើងផងដែរ»

គួរបញ្ជាក់ថា រុស្ស៊ី កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានអះអាងថាខ្លួនបានដកកងទ័ពមួយចំនួនចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលនេះត្រូវបានគេ មើលឃើញថាជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែទីក្រុងម៉ូស្គូ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពចំនួនប៉ុន្មានត្រូវបានដក ហើយដកទៅទីណាឱ្យប្រាកដនៅឡើយទេ ខណៈរុស្ស៊ីត្រូវបានលោកខាងលិចចោទប្រកាន់ថាបានប្រមូលផ្ដុំកងទ័ពជាង ១៣,០០០០នាក់ នៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន៕