(ម៉ូស្គូ)៖ រុស្ស៊ី បាននិយាយថាខ្លួននឹងបន្តកិច្ចចរចាតាមផ្លូវការទូតជាមួយលោកខាងលិច ដើម្បីសាកល្បងបន្ធូរបន្ថយភាពតានតឹង ដែលកំពុងបង្កឱ្យ មានការព្រួយបារម្ភពីការផ្ទុះសង្រ្គាមជាមួយអ៊ុយក្រែន។ ការបង្ហើបពីចេតនាចរចានេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងកិច្ចពិភាក្សាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាមួយលោកប្រធានាធិបតី ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយបញ្ជាក់ថាឱកាសនៅតែមានក្នុង ការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយលោកខាងលិច។

នៅក្នុងកិច្ចសន្ទនានោះ លោក Lavrov បានលើកឡើងថា «ខ្ញុំសន្មត់ថាវា (កិច្ចចរចា) នៅតែបន្តធ្វើឡើង» ខណៈលោក ពូទីនបានឆ្លើយតបវិញ ភ្លាមៗយ៉ាងខ្លីថា «ល្អ»។ កាលពីថ្ងៃចន្ទនោះដែរ, សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនសម្រេចចិត្តរើស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងកៀវ ទៅកាន់ទីក្រុង ល្វៀវ (Lviv) ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជាប់ព្រំដែនជាមួយប្រទេសប៉ូឡូញ ជាបណ្ដោះអាសន្នដោយសារបារម្ភថាទីក្រុងម៉ូស្គូ អាចនឹងបើកការវាយប្រហារលើអ៊ុយក្រែនឆាប់ៗនេះ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយពាក់ព័ន្ធនឹងការរើស្ថានទូតនេះដែរ, រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន សង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក នឹងនៅតែបន្តដោះស្រាយបញ្ហាតាមយន្ដការការទូត។ «ការដោះស្រាយតាមផ្លូវការទូតនៅតែត្រូវធ្វើឡើង ប្រសិនបើ រុស្ស៊ីសម្រេចចិត្តចូលរួមដោយសុច្ឆន្ទៈ... ហើយយើងនឹងបញ្ជូនបុគ្គលិកស្ថានទូតរ បស់យើងត្រឡប់មកវិញឆាប់ៗនេះ បើកាលៈទេសៈអំណោយផល» នេះជាការបញ្ជាក់បន្ថែមរបស់លោក Antony Blinken។

និយាយពីដំណោះស្រាយការទូតនេះដែរ លោកប្រធានាធិបតី ចូ បៃដិន ដែលបានពិភាក្សាតាមទូរស័ព្ទជាមួយលោក ពូទីន កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបន្តបើកកិច្ចពិភាក្សាពីចម្ងាយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចុនសុន កាលពីថ្ងៃចន្ទ។ បើតាមសេតវិមាន មេដឹកនាំ នៃប្រទេស ២ បានជជែកគ្នាពីកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតជាមួយអ៊ុយក្រែន និងរុស្ស៊ី កាលពីពេលថ្មីៗនេះ ព្រទាំងអះអាង ឡើងវិញផងដែរពីការគាំទ្រចំពោះបូរណភាពទឹកដីអ៊ុយក្រែន។

*អាល្លឺម៉ង់ជំរុញឱ្យបន្តកិច្ចសន្ទនា

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) នាឱកាសបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃចន្ទ បានសន្យាថាទីក្រុងប៊ែរឡាំង និងសម្ពន្ធមិត្តរបស់ខ្លួន នឹងបន្តគាំទ្រដល់សន្តិសុខ និងឯករាជ្យភាពរបស់អ៊ុយក្រែន ជាមួយការជំរុញឱ្យរុស្ស៊ីបន្តចូលរួមក្នុងកិច្ចសន្ទនា។ ប៉ុន្តែ ព្រមពេលជាមួយ លោក សូលស៍ នៅតែបញ្ជាក់ជំហរដដែលថាអាល្លឺម៉ង់ រួមទាំងសម្ពន្ធមិត្តលោកខាងលិច បានត្រៀមកញ្ចប់ទណ្ឌកម្មរួចជាស្រេច នៅក្នុងករណីដែលរុស្ស៊ីបើកការវាយប្រហារណាមួយលើអ៊ុយក្រែន។

*សមាជិកភាព NATO

អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស លោក វ៉ាឌីម ព្រីស្ទៃកូ (Vadym Prystaiko) កាលពីថ្ងៃចន្ទសប្ដាហ៍នេះស្រាប់តែនិយាយថាអ៊ុយក្រែន អាចនឹងទម្លាក់ចោលការស្នើសុំចូលជាសមាជិក NATO ដើម្បីបញ្ចៀសសង្រ្គាមជាមួយរុស្ស៊ី។ ប៉ុន្តែ ភ្លាមៗនោះ លោកបានកែតម្រូវការលើកឡើង បែបនេះឡើងវិញ ដោយនិយាយថាអ៊ុយក្រែនអាចនឹងផ្ដល់សម្បទានដទៃទៀត។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC លោក Vadym Prystaiko បានកត់សម្គាល់ដូច្នេះថា «យើងមិនមែនជាសមាជិក NATO នោះទេ ក្នុងពេលបច្ចុប្បន្ន ហើយដើម្បីបញ្ចៀសសង្រ្គាម យើងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់សម្បទាននានាដែលអាចធ្វើទៅបាន ក្នុងនោះរួមមានទាំងអ្វី ដែលកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី»

គួរបញ្ជាក់ថា នៅក្នុងការស្នើសុំការធានាសន្តិសុខពីសហរដ្ឋអាមេរិក និង NATO, រុស្ស៊ីបានបញ្ជាក់ថាអ៊ុយក្រែនមិនអាចចូលជាសមាជិក NATO ជាដាច់ខាត ហើយនេះជាបន្ទាត់ក្រហមរបស់ទីក្រុងម៉ូស្គូ។ សម្រាប់រុស្ស៊ី អ៊ុយក្រែនគឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ និងប្រៀបបានដូចជាទ្រនាប់ ការពារមួយដ៏សំខាន់ពីការឈ្លានពានរបស់ NATO។

ពោលគឺប្រសិនបើអ៊ុយក្រែនចូលជាសមាជិក NATO បានមែន នោះកងទ័ពអាមេរិក ឬអាវុធនុយក្លេអ៊ែរ អាចនឹងត្រូវបានដាក់ពង្រាយនៅលើទឹកដី អ៊ុយក្រែននៅថ្ងៃណាមួយ ដែលនេះត្រូវបានម៉ូស្គូចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។ តែមែនទែនទៅ, ទាំងអាមេរិក និងរុស្ស៊ី សុទ្ធតែដឹងយ៉ាងច្បាស់ថា ការទទួលយកអ៊ុយក្រែនជាសមាជិក NATO ជារឿងមួយមិនអាចកើតឡើងភ្លាមៗនោះទេ ដោយវាអាចនឹងត្រូវការពេល រាប់ទសវត្សរ៍ទៅមុខទៀតក៏ថាបាន៕

ប្រភព៖ Al Jazeera (ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២)