(បាងកក)៖ នាយករដ្ឋមន្រ្ដីថៃនៅថ្ងៃចន្ទនេះបានទទួលស្វាគមន៍ ប្រធានសម្ព័ន្ធមូស្លីមពិភពលោក ដែលបានមកដល់ទីក្រុងបាងកក ដើម្បីជួបជាមួយមន្ត្រីថៃ និងមេដឹកនាំសាសនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅពេលមកដល់ អគ្គលេខាធិការនៃសម្ព័ន្ធមូស្លីមពិភពលោកលោកបណ្ឌិត Muhammad Al-Issa ត្រូវបានទទួលស្វាគមន៍ ដោយនាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយថា នាយករដ្ឋមន្ត្រីបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Al-Issa ក្នុងន័យរំពឹងថា នឹងនាំទៅរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងសម្ព័នមូស្លីមពិភពលោក។

អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះបានបន្ថែមថា នាយក រដ្ឋមន្ត្រី លោក Prayut Chan-o-cha បាន សង្កត់ធ្ងន់ថា ប្រទេសថៃ បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេសកកម្មរបស់សម្ព័នមូស្លីមពិភពលោក។

គួរបញ្ជាក់ថា កាលពីចុងខែមករាកន្លងទៅនាយករដ្ឋមន្ត្រីថៃបានធ្វើទស្សនកិច្ចនៅទីក្រុងរីយ៉ាទ តាមការអញ្ជើញរបស់រាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជាដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរបស់ប្រទេសថៃនៅអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលបីទសវត្សរ៍៕