(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះ បានបដិសេធចំពោះគំនិតនៃការបិទខ្ទប់ (lockdown) ទីក្រុងស្វយ័តរបស់ចិនមួយនេះទាំងស្រុង បើទោះបីជាករណីឆ្លងជំងឺ COVID-19 យ៉ាងគំហុក បង្កឡើងដោយវីរុសបំប្លែងថ្មី Omicron កំពុងដាក់សម្ពាធដល់ប្រព័ន្ធសុខាភិបាល កាន់តែខ្លាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី Lam បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្នមិនមានគម្រោងដើម្បីអនុវត្តវិធានការបិទខ្ទប់ទីក្រុងទ្រង់ទ្រាយធំឡើយ។ យើងមិនអាច បង្ហាញការចុះញ៉មចំពោះវីរុសនេះឡើយ វាមិនមែនជាជម្រើសនោះទេ»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងហុងកុង បានរាយការណ៍អំពី ករណីឆ្លង COVID-19 បន្ថែមចំនួន ២,០៧១នាក់ ដែលជាកំណត់ត្រាថ្មីមួយទៀត។ មកទល់ឥឡូវ ករណីឆ្លងសរុបនៅក្នុងទីក្រុងហុងកុង បានបន្តកើនដល់២៥,០៥១នាក់ និងស្លាប់កើនដល់២២១នាក់ ខណៈហុងកុងមានចំនួន មនុស្សរស់នៅសរុបជាង៧លាននាក់។

គួរបញ្ជាក់ថា ខណៈដែលករណីឆ្លង បាននិងកំពុងលោតឡើងខ្លាំងនៅហុងកុង រដ្ឋាភិបាលចិនបានប្រកាសថា នឹងជួយទីក្រុងស្វយ័តនេះ បង្កើនការសមត្ថភាពធ្វើតេស្ត ព្យាបាល ក៏ដូចជាធ្វើចត្តាឡីស័ក ដើម្បីព្យាយាមគ្រប់គ្រងស្ថានការណ៍ ឱ្យធូរស្រាលឡើងវិញ៕