(ម៉ូស្គូ)៖ ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅមុននេះបន្តិចថា កងទ័ពរុស្ស៊ីមួយចំនួនត្រូវបានដកចេញពីទឹកដី នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែននោះហើយ បន្ទាប់ពីសមយុទ្ធយោធាត្រូវបានបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Interfax នារសៀលថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គ័រ កូណាហ្សិនកូវ (Igor Konashenkov) បានគូសបញ្ជាក់នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «កងអង្គភាពនៃយុទ្ធភូមិភាគខាងត្បូង និងខាងលិច ដែលបានបញ្ចប់ភារកិច្ចរបស់ពួកគេ បាននិងកំពុងចាប់ផ្តើមចេញដំណើរ ត្រឡប់ទៅកាន់មូលដ្ឋានពួកគេវិញហើយ តាមរយៈផ្លូវដែក និងផ្លូវថ្នល់»

គួរបញ្ជាក់ថា ការត្រឡប់ទៅកាន់មូលដ្ឋានវិញខាងលើនេះ បានកើតមានឡើងក្រោយពីកងទ័ពរុស្ស៊ីទាំងនោះ បានបិទបញ្ចប់សមយុទ្ធយោធានៅលើទឹកដីរុស្ស៊ី កៀកនឹងព្រំដែនអ៊ុយក្រែន ដែលបានបង្កឲ្យប្រទេសលោកខាងលិចព្រមាន អំពីការត្រៀមឈ្លានពានអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ៕