(ប៉ារីស)៖ ប្រេសិតរុស្ស៉ីប្រចាំសហភាពអឺរ៉ុប លោក វ៉្លាឌីមៀ ឈីហ្សូវ (Vladimir Chizhov) បានព្រមានថា រុស្ស៉ីនឹងធ្វើការឆ្លើយតបទៅវិញ ប្រសិនបើមានការចាប់ផ្តើមធ្វើឱ្យពលរដ្ឋរុស្ស៉ីបាត់បង់ជីវិត នៅកន្លែងណាមួយ រួមទាំងតំបន់ជម្លោះ ដុនបាស់ (Donbass) ដែលនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Chizhov បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងមិនទៅលើកទ័ពឈ្លានពានលើប្រទេសអ៊ុយក្រែនឡើយ ប្រសិនបើពួកយើង មិនត្រូវបានគេបង្ករឿងដាក់មុនទេនោះ។ ប្រសិនបើខាងអ៊ុយក្រែន បើកការវាយប្រហារប្រឆាំងនឹងរុស្ស៉ីមុន អ្នកទាំងអស់គ្នាមិនគួរភ្ញាក់ផ្អើលនោះឡើយ ប្រសិនបើយើងធ្វើសកម្មភាពឆ្លើយតបវិញ ឬមួយក៏ប្រសិនបើពួកគេចាប់ផ្តើមធ្វើឱ្យពលរដ្ឋរុស្ស៉ីណាម្នាក់ បាត់បង់ជីវិតនៅកន្លែងណាមួយ មិនថា នៅតំបន់ Donbass ឬកន្លែងផ្សេងទៀតណាក៏ដោយ»

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ ក្រុមឧទ្ទាមនៅតំបន់ Donbass ដែលគាំទ្រដោយទីក្រុងម៉ូស្គូ គឺរដ្ឋាភិបាលទីក្រុងកៀវ កំពុងត្រៀមខ្លួន បើកការវាយប្រហារប្រឆាំងលើពួកគេ ប៉ុន្តែក្រុមប្រទេសលោកខាងលិច បានអះអាងថា រុស្ស៉ីដែលមកទល់ពេលនេះ បានប្រមូលផ្តុំកម្លាំង ទ័ពជាង១០០,០០០នាក់ នៅក្បែរព្រំប្រទល់អ៊ុយក្រែន គឺជាអ្នកដែលកំពុងតែត្រៀមលក្ខណៈឈ្លានពានអ៊ុយក្រែនទៅវិញទេ៕