(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន (Antony Blinken) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្រតិបត្តិការរបស់ស្ថានទូតខ្លួន ប្រចាំនៅអ៊ុយក្រែន ចេញពីទីក្រុងកៀវ ទៅកាន់ទីក្រុងល្វីវ (Lviv) ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្ន ដោយសារតែលទ្ធភាពនៃការឈ្លានពានរបស់រុស្ស៉ី ទៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកប្រមុខការទូតអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្លាស់ប្តូរប្រតិបត្តិការស្ថានទូតទៅកាន់ទីក្រុង Lviv ដែលស្ថិតនៅចម្ងាយខ្ទង់៨០គីឡូម៉ែត្រ ពីព្រំប្រទល់ភាគខាងលិចរបស់អ៊ុយក្រែន ជាមួយនិងប៉ូឡូញយ៉ាងដូច្នេះ គឺដោយសារតែក្តីព្រួយបារម្ភអំពី សុវត្ថិភាពរបស់បុគ្គលិកស្ថានទូត។ កន្លងមក បុគ្គលិកស្ថានទូតអាមេរិកភាគច្រើន ត្រូវបានបង្គាប់ឱ្យនាំគ្នាចាកចេញពីអ៊ុយក្រែនរួចទៅហើយ រីឯពលរដ្ឋអាមេរិកនៅអ៊ុយក្រែន ក៏ត្រូវបានណែនាំឱ្យចាកចេញដូចគ្នា។

យ៉ាងណាក្តី លោក Blinken បានសង្កត់ធ្ងន់ថា ការរើស្ថានទូតជាបណ្តោះអាសន្ននេះ មិនមែនបង្ហាញពីភាពថយចុះនៃការគាំទ្ររបស់អាមេរិក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនឡើយ ហើយមន្រ្តីទូតអាមេរិកនឹងនៅតែបន្ត ធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលអ៊ុយក្រែន។ ទន្ទឹមគ្នា លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបន្តខិតខំជំរុញឱ្យ រុស្ស៉ីទទួលយកដំណោះស្រាយការទូត។

គួរបញ្ជាក់ថា មកទល់ពេលនេះ ទីក្រុងវ៉ាស៉ីនតោននៅតែបន្តព្រមានពី លទ្ធភាពដែលប្រទេសរុស្ស៉ីអាចនឹងលើកទ័ពឈ្លានពានចូលអ៊ុយក្រែន ក្នុងពេលឆាប់ៗ បើទោះបីជារុស្ស៉ីបានច្រានចោល ការចោទប្រកាន់នេះជាដដែលៗក៏ដោយ៕