(ប៉េកាំង)៖ ដូចការសន្យារបស់ប្រទេសចិន ពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធឡើងតាមពេលកំណត់ដោយរលូន ក្រោមសក្ខីភាពនៃថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំបរទេសជាច្រើនរូប ក៏ដូចជាប្រជាជនទូទាំងពិភពលោក។

ការរាប់ថយក្រោយក្នុងពិធីសម្ពោធបើក បានធ្វើតាមការរំកិលថយក្រោយ នៃរដូវកាលទាំង ២៤ ក្នុងមួយឆ្នាំរបស់ប្រទេសចិន រដូវកាលទាំង ២៤ នេះជាវប្បធម៌ចិនដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ ជាពិសេស ថ្ងៃទី ៤ ខែកុម្ភៈនេះត្រូវចំរដូវកាលទី ១ របស់ប្រទេសចិនគឺ «立春 Lichun» មានន័យថា ជាការចាប់ផ្តើមនៃរដូវផ្ការីកឬឆ្នាំថ្មី អ្វីៗគ្រប់យ៉ាងមានសភាពស្រស់បំព្រង អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ។

នៅក្នុងវប្បធម៌ប្រពៃណីចិនបានឱ្យតម្លៃយ៉ាងខ្លាំង ចំពោះរដូវផ្ការីក ព្រោះជាខណៈពេលចាប់ផ្តើមក្នុងឆ្នាំថ្មី អាកាសធាតុរងាខ្លាំងបានរសាត់ទៅឆ្ងាយបន្តិចម្តងៗ ហើយជំនួសដោយភាពត្រជាក់ស្រួលល្មមនៃរដូវផ្ការីក។ បុប្ផាទាំងពួងចាប់ផ្តើមចេញពន្លក និងរីកស្គុសស្គាយបង្អួតសម្រស់លម្អធម្មជាតិ។

ការសម្តែងបើកពិធីដែលមានរុក្ខជាតិបៃតង លូតលាស់ឡើងយ៉ាងស្រស់ញញឹម ជាសញ្ញាបញ្ជាក់ពីភាពរស់រវើក ភាពក្លៀវក្លា និងភាពរុងរឿង ពិសេសគឺគូសរំលេចពីទស្សនអភិវឌ្ឍន៍បៃតង ដែលជាទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។

កងប្រាំប្រទាក់ក្រឡាគ្នាដែលជានិមិត្តសញ្ញានៃការប្រកួតកីឡាអូឡាំពិក បានបំបែកដុំគូបទឹកកកដ៏ធំនិងផុសត្រដែតឡើង។ ក្នុងភាសាចិន «បំបែកទឹកកក» មានន័យថាលុបបំបាត់ភាពជាប់គាំង លុបបំបាត់មន្ទិលសង្ស័យចំពោះគ្នា លុបបំបាត់គម្លាតគ្នា ហើយរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។

ផ្កាព្រិលដ៏ធំមួយដែលផ្គុំឡើងដោយផ្កាព្រិលតូចៗ ដែលមានឈ្មោះរបស់បណ្តាប្រទេស ដែលចូលរួមការប្រកួតត្រូវបានព័ន្ធព័ទ្ធដោយមែកអូលាវ ដែលជានិមិត្តរូបនៃសន្តិភាព។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ពិធីសម្ពោធបើកលើកនេះ គ្មានការអុជបំភ្លឺភ្លើងគប់ធំនោះទេ តែគឺយកភ្លើងគប់ ដែលរត់បណ្តាក់ទៅដោតនៅចំកណ្តាលផ្កាព្រិលធំ បង្ហាញថាគ្រប់ប្រទេសពួតដៃរួមសាមគ្គីគ្នា ជម្នះគ្រប់ឧបសគ្គដើម្បីបំភ្លឺអនាគតរបស់មនុស្សជាតិ ហើយក៏ស៊ីចង្វាក់គ្នានឹងទស្សនៈ រៀបចំការប្រកួតបែបសាមញ្ញ សន្សំសំចៃនិងអស្ចារ្យរបស់ប្រទេសចិនផងដែរ។ ការបំភ្លឺភ្លើងគប់អូឡាំពិកបែបនេះជាការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍អូឡាំពិកផងដែរ ។ វប្បធម៌បែបនេះជាភាពរ៉ូមេនទិចដែលដក់ជាប់ក្នុងហ្សែនរបស់ជនជាតិចិន ។

គួររំលឹកថា រចនាបថចិនដែលជាតំណាងមួយនៃវប្បធម៌ចិន បានរួមបញ្ចូលយ៉ាងពេញលេញក្នុងដំណើរទាំងស្រុង នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ពោលគឺចាប់តាំងពីពេលត្រៀមរៀបចំ ពេលបើកសម្ពោធ និងក្នុងដំណើរប្រកួត ។ សញ្ញាការប្រកួត តុក្កតាតំណាងការប្រកួតដែលរចនាចេញជារូបសត្វខ្លាឃ្មុំផេនដា និងរូបចង្កៀងគោម ក៏ដូចជារចនាបថនៃទីតាំងប្រកួត សុទ្ធតែជាខ្លឹមសារនៃវប្បធម៌ប្រពៃណីចិន។

ក្រៅអំពីការចែករំលែកវប្បធម៌ប្រពៃណីរបស់ខ្លួន ដើម្បីឱ្យពិភពលោកកាន់តែយល់ដឹងថែមទៀត អំពីប្រទេសចិន ប្រទេសចិនក៏រំពឹងទុកក្នុងការរួបរួមគ្នាជាមួយពិភពលោកផងដែរ ដោយបានដាក់ចេញនូវពាក្យស្លោកប្រធានបទ នៃការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះគឺ «រួមគ្នាឆ្ពោះទៅអនាគត» ដែលទទួលបានការទទួលស្គាល់ និងការគាំទ្រជាទូទៅពីសហគមន៍អន្តរជាតិ។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «រួមគ្នាឆ្ពោះទៅអនាគតបានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូល និងចក្ខុវិស័យនៃកីឡាអូឡាំពិក ព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗ នៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិក ក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម»។

បច្ចុប្បន្ន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននិងកំពុងដំណើរការក្រោមបរិយាកាសសុវត្ថិភាព ពិតមែនតែស្ថិតក្នុងរដូវរងា តែក្នុងដួងចិត្តនៃគណៈប្រតិភូកីឡានៃបណ្តាប្រទេស គឺពោរពេញទៅដោយភាពកក់ក្តៅ។ អត្តពលិកនៃបណ្តាប្រទេស បាននិងកំពុងបញ្ចេញសមត្ថភាពរបស់ខ្លួន ក្នុងទីលានប្រកួតដើម្បីសម្រេចក្តីសុបិនអូឡាំពិករបស់ខ្លួន។ ពួកគេខិតខំធ្វើឱ្យបានល្អលើសពីពេលមុនៗ ដោយប្រកាន់ខ្ជាប់និងឆ្លុះបញ្ចាំងយ៉ាងប្រាកដប្រជា នូវស្មារតីអូឡាំពិកគឺ «យោគយល់គ្នា មិត្តភាព សាមគ្គីភាព និងប្រកួតប្រជែងដោយយុត្តិធម៌» និងបាវចនាថ្មីនៃកីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង—កាន់តែសាមគ្គី»

ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសចិនបានរៀបចំការប្រកួត ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក ដែលប្រកបដោយភាពអស្ចារ្យ និងសុវត្ថិភាព ដែលជាការបំភ្លឺនូវក្តីសង្ឃឹមរបស់ប្រជាជនពិភពលោក ចំពោះសន្តិភាព មិត្តភាព និងសាមគ្គីភាព។ យើងអាចជឿជាក់បានថា ការរៀបចំការប្រកួតកីឡាអូឡាំពិកមួយលើកដ៏អស្ចារ្យ មុខជានឹងរួមចំណែកជា «កម្លាំងចិន» កាន់តែច្រើនទៀតសម្រាប់ការរួមគ្នាកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិជាក់ជាមិនខាន៕

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន