(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រចិនទើបតែបានប្រកាសឲ្យដឹងថា ពួកគេបានអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយ ដែលអនុញ្ញាតឲ្យមានការធ្វើតេស្តរកវីរុស COVID-19 គួរឲ្យទុកចិត្តដូចការប្រើប្រាស់ម៉ាស៊ីន PCR ដែរ ប៉ុន្តែវាប្រើប្រាស់ពេលឆាប់រហ័សបំផុត មិនដល់ «៤នាទី» នោះឡើយ ដើម្បីចេញជាលទ្ធផល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

កន្លងមកនេះ PCR (polymerase chain reaction) គឺត្រូវបានចាត់ទុកថា ជាម៉ាស៊ីនធ្វើតេស្តដែលអាចបញ្ចេញលទ្ធផល ដ៏គួរឲ្យជឿជាក់បំផុត ជាពិសេសចំពោះការធ្វើតេស្តរកវីរុស COVID-19។ ប៉ុន្តែម៉ាស៊ីនប្រភេទនេះ គឺត្រូវការពេលវេលាដល់ទៅរាប់ម៉ោង ដើម្បីបញ្ចេញលទ្ធផលតេស្តនីមួយៗ។

សម្រាប់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យា ហ្វូតាន (Fudan) នៃទីក្រុងសៀងហៃប្រទេសចិន បានប្រកាសអំពីដំណោះស្រាយថ្មីមួយហើយ។ នៅក្នុងអត្ថបទដែលត្រូវបានចុះផ្សាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយកាសែតវេជ្ជសាស្ត្រ NBE បានឲ្យដឹងថា ឧបករណ៍ចាប់សញ្ញា ឬ សិនស័រ (sensor) របស់ក្រុមអ្នកស្រាវជ្រាវ Fudan ដែលប្រើប្រាស់បច្ចេកវិទ្យាមីក្រូអេឡិចត្រូនិច ដើម្បីវិភាគហ្សែនបានមកពីសំណាកនោះ អាចកាត់បន្ថយពេលវេលា ដើម្បីកំណត់រកមេរោគ COVID-19 បាន។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Fudan ការរកឃើញបច្ចេកវិទ្យាធ្វើតេស្តថ្មីខាងលើនេះ ត្រូវបានចូលរួមដោយមនុស្ស ៣៣នាក់ នៅទីក្រុងសៀងហៃ ដែលបានឆ្លងវីរុស COVID-19 និងធ្វើតេស្តរកឃើញ តាមរយៈម៉ាស៊ីន PCR។ ក្រោយការធ្វើតេស្តតាមបច្ចេកវិទ្យាថ្មីរបស់ Fudan លទ្ធផលបានចេញ «វិជ្ជមាន» ដែលដូចគ្នាទាំងស្រុងទៅនឹងលទ្ធផលចេញពីម៉ាស៊ីន PCR ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះ បានប្រើប្រាស់ពេលយ៉ាងឆាប់រហ័ស គឺមិនដល់ ៤នាទីនោះឡើយ។

ក្រុមអ្នកស្រាវជ្រាវខាងលើនេះ ក៏បានបង្ហាញក្តីសង្ឃឹមខ្ពស់ផងដែរថា នៅពេលដែលអ្វីៗត្រូវបានអភិវឌ្ឍរួចរាល់ជាស្ថាពរ ឧបករណ៍ធ្វើតេស្តជាមួយនឹងបច្ចេកវិទ្យាថ្មីខខាងលើនេះ នឹងអាចយកទៅប្រើប្រាស់ សម្រាប់ការធ្វើតេស្តរហ័ស នៅតាមអាកាសយានដ្ឋាន, មន្ទីរសុខាភិបាល និងគេហដ្ឋានជាដើម៕