(ប៉េកាំង)៖ តាមរយៈការរៀបចំយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជាង២ពាន់ថ្ងៃ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ បានសម្ពោធបើកនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ «ពិភពលោកទាំងមូលបាននិងកំពុងស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ១៩ សំណាងល្អណាស់ យើងនៅតែមានការប្រកួតកីឡាអូឡាំពិករដូវរងា នេះជាព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយ។ ដូច្នេះ ខ្ញុំសូមថ្លែងអំណរគុណដល់ ប្រទេសចិននិងមហាគ្រួសារកីឡាអូឡាំពិក ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ក្នុងគ្រាដ៏លំបាកបែបនេះ»។ នេះជាពាក្យសំដីរបស់លោក Shaun White អត្តពលិកលេងស្គីដ៏ល្បីឈ្មោះរបស់អាមេរិក ដែលបានឆ្លុះបញ្ចាំងពីសំឡេងរបស់ អត្តពលិកទាំងឡាយដែលទៅចូលរួមការប្រកួត ។

ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ការប៉ះទង្គិចក្នុងតំបន់មួយចំនួនក៏បានកើតឡើងជាបន្តបន្ទាប់ ក្នុងបរិបទបែបនេះ សន្តិភាពជាសកលកំពុងរងការសាកល្បងកាន់តែខ្លាំងឡើងៗ។ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជាព្រឹតិ្តការកីឡាមានលក្ខណៈចម្រុះជាសកលលើកដំបូង ដែលបានរៀបចំធ្វើតាមពេលកំណត់ តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩មក ដូច្នេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសំណាក់ទូទាំងពិភពលោក។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ មិនត្រឹមតែជាព្រឹតិ្តការណ៍កីឡាដ៏ឱឡារិកប៉ុណ្ណោះទេ ជាងនេះទៅទៀត ការប្រកួតលើកនេះក៏បានឆ្លុះបញ្ចាំងពី ការស្វែងរកគុណតម្លៃរបស់ចិនក្នុងការជំរុញ កិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិទៀតផង។

លោក Papandreou អតីតនាយករដ្ឋមន្ត្រីក្រិកសម្គាល់ឃើញថា ក្នុងនាមជាទីក្រុងទីមួយដែលបានរៀបចំ ការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា ក្រុងប៉េកាំងដែលមានប្រវតិ្តសាស្ត្រដ៏យូរលង់កំពុងបន្តបង្កើតប្រវត្តិសាស្ត្រតទៅទៀត។ លោកបានថ្លែងថា «ខ្ញុំយល់ដឹងថា គុណតម្លៃគន្លឹះរបស់ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺសន្តិភាព រីឯគុណតម្លៃគន្លឹះរបស់ការប្រកួតកីឡាអូឡាំពិកក៏ជាសន្តិភាពផងដែរ»

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា ប្រទេសចិនរៀបចំដោយជោគជ័យ នូវការប្រកួតកីឡាអូឡាំពិករដូវរងាដែលមានទ្រង់ទ្រាយធំ និងមានសុវត្ថិភាពដល់កម្រិតប៉ុន្នឹង គឺជារឿងគួរឱ្យកោតសរសើរ ។ បច្ចុប្បន្ននេះ ពិភពលោកត្រូវការព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាដ៏ជោគជ័យមួយលើក ដើម្បីបង្ហាញពីពត៌មានច្បាស់លាស់ទៅកាន់ពិភពលោកថា មិនថាប្រទេស ជនជាតិ និងសាសនាណាមួយក៏ដោយ ក៏សុទ្ធតែអាចយកឈ្នះលើការខ្វែងគំនិតគ្នា សម្រេចបាននូវសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាដែលបានយាងទៅក្រុងប៉េកាំង ដើម្បីចូលរួមក្នុងពិធីបើកការប្រកួតលើកនេះ បានកោតសរសើរខ្ពស់ចំពោះបាវចនា នៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ដែលថា «រួមគ្នាឆ្ពោះទៅអនាគត»។ ព្រះករុណាមានព្រះរាជបន្ទូលថា បាវចនានេះបានឆ្លុះបញ្ចាំងពីគំនិតរួម របស់មនុស្សជាតិក្នុងការជម្នះបញ្ហាប្រឈម។ «រួមគ្នាឆ្ពោះទៅអនាគត» ក៏បង្ហាញពីការរួបរួម និងការប្រឹងប្រែងរួមគ្នា ដែលបង្កប់ទៅដោយគុណតម្លៃរបស់ចលនាអូឡាំពិក និងគោលបំណងដែលចង់ស្វែងរកសាមគ្គីភាព សន្តិភាពនិងវឌ្ឍនភាពផងដែរ ។

ចលនាអូឡាំពិកបានបង្កប់នូវ ការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។ បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ដូច្នេះសហគមន៍អន្តរជាតិគួរតែរួមគ្នាគាំពារសន្តិភាពជាសកល ប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិទៅមកនិងរាប់អានគ្នាប្រកបដោយសមភាព ដើម្បីរួមគ្នាកសាងពិភពលោកដែលមានសន្តិភាពជាយូរអង្វែង។ ប្រទេសចិនជាប្រទេសខ្លាំងក្លាខាងវិស័យកីឡានៅលើពិភពលោក ហើយក៏ជាប្រទេសដែលស្រឡាញ់សន្តិភាពផងដែរ ។ ប្រទេសចិនរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យ ក៏ជាការអនុវត្តដ៏មហិមាជាក់ស្តែងបំផុត និងមានភាពរស់រវើកបំផុត ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ។

ភ្លើងដ៏ពិសិដ្ឋរបស់អូឡាំពិកបានបំភ្លឺផ្ទៃវេហាពេលរាត្រីរបស់ក្រុងប៉េកាំង ហើយក៏នឹងបំភ្លឺឱ្យមនុស្សជាតិដើរចេញផុតពី ភាពលំបាកនៃជំងឺកូវីដ១៩ និងភាពជាប់គាំងនៃការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ ឱ្យតែប្រជាជនពិភពលោកទាំងមូលសាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈយ៉ាងមុតមាំ រួមសុខរួមទុក្ខជាមួយគ្នា និងពួតដៃគ្នាខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបតិ្តការ នោះក៏ពិតជានឹងយកឈ្នះលើ ភាពលំបាកនិងការប្រឈមទាំងអស់ ដើម្បីទទួលស្វាគមន៍អនាគតកាន់តែល្អបវរជាក់ជាមិនខាន៕