(វ៉ាស៊ីនតោន)៖ ទោះបីរងពាក្យរិះគន់ជាបន្តបន្ទាប់ថា សហរដ្ឋអាមេរិកបាននិងកំពុងបញ្ចេញប្រតិកម្មជ្រុល ឬធ្វើការព្រមានដែលលើសពីការពិត ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ក៏ទីក្រុងវ៉ាស៊ីនតោននៅតែបន្តការពារគោលជំហរ របស់ខ្លួនកន្លងមកនេះដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ឆ្លើយតបនឹងពាក្យរិះគន់កន្លងមកនេះ, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងវ៉ាស៊ីនតោនថា «វាមិនមែនជាការព្រមានបែបជ្រុលនិយមនោះឡើយ។ ទាំងនេះគឺសុទ្ធតែជាការពិត»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកតាំងតែពីចុងឆ្នាំ ២០២១ មកម្ល៉េះ បានចាប់ផ្តើមបញ្ចេញសារព្រមានជាបន្តបន្ទាប់ អំពីលទ្ធភាពនៃការវាយប្រហារ ពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ក៏ព្រោះតែការដាក់ពង្រាយកងទ័ព និងសព្វាវុធជាច្រើនរបស់រុស្ស៊ី នៅក្បែរព្រំដែនភាគខាងកើតអ៊ុយក្រែននោះតែម្តង ហើយរុស្ស៊ីក៏បានចេញមុខច្រានចោល ការចោទប្រកាន់បែបនេះ ជាបន្តបន្ទាប់ផងដែរ។

ឈានចូលមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានអះអាងទៀតថា រុស្ស៊ីបានបង្កើនចំនួនទ័ពរហូតដល់ខ្ទង់ ១០០,០០០នាក់ បូករួមទាំងសព្វាវុធទ្រង់ទ្រាយធំបន្ថែមទៀត ដែលនាំឲ្យគេកាន់តែជឿជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងរៀបចំផែនការវាយលុកទ្រង់ទ្រាយធំ ទៅលើអ៊ុយក្រែន យ៉ាងហោចណាស់នៅពាក់កណ្តាលខែកុម្ភៈនេះ។

យ៉ាងណាក៏ដោយ, ទាំងរុស្ស៊ី និងអ៊ុយក្រែន ដែលជាភាគីកំពុងប្រឈមមុខដាក់គ្នាផ្ទាល់ សុទ្ធតែបានណែនាំគ្រប់គ្នា មិនឲ្យមានការភ័យខ្លាច និងវិភាគជ្រុលហួស អំពីស្ថានការណ៍ជាក់ស្តែងនោះឡើយ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) ថែមទាំងបានព្រលយពាក្យមួយឃ្លាទៀតថា «សូមកុំជឿការព្យាករបែបអន្តរាយទាំងអស់នោះ»