(វ៉ាលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានថ្លែងជាលើកដំបូង សម្រាប់កិច្ចប្រជុំសភានៅឆ្នាំ ២០២២ នេះថា ជំងឺរាតត្បាតសកល COVID-19 នឹងមិនអាចបញ្ចប់ទៅ ត្រឹមវីរុសបំប្លែងថ្មី Omicron នោះទេ ដោយប្រទេសដីកោះនេះត្រូវតែត្រៀមខ្លួន សម្រាប់វីរុសបំប្លែងថ្មីៗទៀតនៅក្នុងឆ្នាំ ២០២២ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការព្រមានដោយនាយករដ្ឋមន្ត្រីរូបនេះ បានកើតមានឡើង ខណៈដែលបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅខាងក្រៅអគារសភានូវែលសេឡង់ ស្ថិតក្នុងរដ្ឋធានី វ៉ាលីងតោន (Wellington) នៅក្នុងថ្ងៃអង្គារនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល បិទបញ្ចប់ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺ COVID-19 ព្រមទាំងកាតព្វកិច្ចចាក់វ៉ាក់សាំងផងដែរ។

តាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គម លោកស្រី Jacinda Ardern បានពន្យល់ប្រាប់អង្គសភាជាតិយ៉ាងដូច្នេះថា «លោកប្រធានសភា, តាមរយៈការផ្តល់ដំបូន្មាន ដោយក្រុមអ្នកជំនាញរបស់យើងបានឲ្យដឹងថា វីរុស Omicron នឹងមិនមែនជាវីរុសបំប្លែងខ្លួនចុងក្រោយ ដែលយើងនឹងត្រូវជួបប្រទះនៅក្នុងឆ្នាំ (២០២២) នេះទេ។ វាមិនទាន់ដល់ទីបញ្ចប់ទេ។ ប៉ុន្តែប្រការនេះមិនមែនមានន័យថា យើងមិនអាចបោះជំហានទៅមុខនោះឡើយ។ យើងត្រូវតែបន្តដំណើរទៅមុខទៀត»។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលនៃការរាតត្បាតជំងឺ COVID-19 ទូទាំងពិភពលោកជាង ២ឆ្នាំមកនេះ នូវែលសេឡង់ត្រូវបានចាត់ទុកថា ជាប្រទេសទទួលបានជោគជ័យដ៏លេចធ្លោមួយ ក្នុងការទប់ស្កាត់គ្រោះថ្នាក់ធ្ងន់ធ្ងរ បង្កឡើងដោយវីរុសនេះ។ គិតត្រឹមពេលនេះ ប្រទេសនូវែលសេឡង់ដែលមានប្រជាជន ៥លាននាក់ បានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបជាង ១៨,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥៣នាក់។ យ៉ាងណាក៏ដោយ ការបន្តដាក់វិធានការរឹតត្បិត និងកាតព្វកិច្ចចាក់វ៉ាក់សាំង បានធ្វើឲ្យប្រជាជនមួយចំនួនមិនពេញចិត្ត៕