(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា NATO កំពុងពិចារណាពី «ជំហរយោធារយៈពេលវែងមួយ» នៅក្នុងតំបន់អឺរ៉ុបខាងកើត ប្រឈមមុខនឹងភាពតានតឹងជាមួយរុស្ស៊ី ជុំវិញការបង្កើនសកម្មភាពយោធានៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការកត់សម្គាល់របស់លោក ជែន ស្ដូលធិនបឺគ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងព្រុចសែល។ ថ្លែងនាឱកាសនោះ លោកប្រមុខ NATO រូបនេះ បានបញ្ជាក់ដូច្នេះថា «យើងកំពុងពិចារណាកែសម្រួលរយៈពេលវែង ពាក់ព័ន្ធនឹងជំហររបស់យើង និងវត្តមានរបស់យើងនៅក្នុងតំបន់អឺរ៉ុបខាងកើត»។តែព្រមពេលជាមួយគ្នា លោក ស្ដូលធិនបឺគ បានអះអាងថាមកទល់នឹងពេលនេះ មិនទាន់មានការសម្រេចចិត្តជាចុងក្រោយណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអង្គការ NATO ត្រូវបានគេរំពឹងថានឹងបើកកិច្ចពិភាក្សាមួយ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈនេះ នៅចំពោះមុខការព្រមានពីសហរដ្ឋអាមេរិកថា រុស្ស៊ីអាចនឹងប្រើកម្លាំងយោធាលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះ៕