(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៥៦,៤៨៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៦៩នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៨,៣៧០,៧៧៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩២៨,៨៧៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤៨.២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីចុងសប្តាហ៍មុននេះ សហរដ្ឋអាមេរិកបានចេញសេចក្តីប្រកាសជាផ្លូវការ អំពីតួលេខមនុស្សស្លាប់ដោយសារជំងឺ COVID-19 លោតចូលដល់ខ្ទង់ ៩សែននាក់។ អត្រាមនុស្សស្លាប់ប្រចាំ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិករងការវាយប្រហារយ៉ាងដំណំ ពីមេរោគបំប្លែងថ្មី Omicron។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៣លានដូស ក្នុងនោះប្រជាជន ២៥១.០៧លាននាក់ (៧៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១២.០៣លាននាក់ (៦៤.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៩.៦៨លាននាក់ (២៧.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕