(វ៉ាស៊ីនតោន)៖ នៅទីបំផុតសហរដ្ឋអាមេរិកបានអនុម័តការលក់ គ្រឿងបរិក្ខាមីស៊ីល និងកញ្ចប់សេវាដែលមានតម្លៃជាទឹកប្រាក់ «១០០លានដុល្លារអាមេរិក» ដល់តៃវ៉ាន់ហើយ ដើម្បីឲ្យកោះនេះអាចធ្វើទំនើបកម្ម និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព នូវប្រព័ន្ធការពារមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) របស់ខ្លួន ចំពោះមុខភាពតានតឹងជាមួយមហាយក្សចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍មួយ ចេញពីទីភ្នាក់ងារសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិរបស់សហរដ្ឋអាមេរិក (DSCA) បានលើកឡើងថា ស្ថាប័ននេះបានបញ្ជូនលិខិតបញ្ជាក់មួយ ទៅកាន់សភារួចរាល់ហើយ ជុំវិញការយល់ព្រមលក់គ្រឿងបរិក្ខាយោធា និងកញ្ចប់សេវាខាងលើនេះ ដោយក្រសួងការពារជាតិ តបតាមការស្នើរបស់ការិយាល័យតំណាងកោះតៃវ៉ាន់ ប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

បើតាមប្រភពខាងលើនេះ ក្រុមហ៊ុនអាមេរិកដែលនឹងទទួលបន្ទុកក្នុងការលក់ គ្រឿងបរិក្ខាមីស៊ីល និងកញ្ចប់សេវាដល់កោះតៃវ៉ាន់ខាងលើនេះ គឺក្រុមហ៊ុន រ៉េស៊ីអន (Raytheon Technologies) និង ឡក់ឃីដ ម៉ាទីន (Lockheed Martin)។ ក្រសួងការបរទេសតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ពេញទំហឹង ក្រោយពីទទួលបានដំណឹងនេះភ្លាមៗ។

គួរបញ្ជាក់ថា យោធាកោះតៃវ៉ាន់បានបង្ហើបអំពីចេតនា នៃការធ្វើទំនើបកម្មប្រព័ន្ធការពារមីស៊ីល Patriot របស់ខ្លួន នៅក្នុងជំនួបរវាងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩។ បើតាមក្រសួងការបរទេសតៃវ៉ាន់ យ៉ាងហោចណាស់ ១ខែទៀត កិច្ចព្រមព្រៀងខាងលើនេះនឹងសម្រេចចេញជាផ្លូវការ៕