(សេអ៊ូល)៖ សភាជាតិនៃប្រទេសកូរ៉េខាងជើង បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បើទោះជាកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន បង្កឡើងដោយទណ្ឌកម្មអន្តរជាតិ និងការឆ្លងរាតត្បាត COVID-19 ក៏ដោយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថាការសន្យាខាងលើធ្វើឡើង នៅក្នុងសម័យប្រជុំនៃសភាកូរ៉េខាងជើង កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភ កន្លងទៅនេះ។ កិច្ចប្រជុំសភានេះផ្ដោតសំខាន់លើការពិភាក្សាពីដំណើរការនៃគណៈរដ្ឋមន្ត្រី និងកញ្ចប់ថវិការបស់រដ្ឋាភិបាល ព្រមទាំងអនុម័តច្បាប់ថ្មីស្ដីពីការថែទាំង កុមារ និងពលរដ្ឋកូរ៉េខាងជើងនៅឯបរទេស។

គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន មិនបានចូលរួមក្នុងកិច្ចប្រជុំសភានេះទេ ដោយកិច្ចប្រជុំនេះដឹកនាំដោយលោក ឆូ រីយ៉ុង ហេ (Choe Ryong Hae) ដែលជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាកូរ៉េខាងជើង៕