(ញូយ៉ក)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន ខណៈរុស្ស៊ី និងចិន រិះគន់ការដាក់ទណ្ឌកម្ម ដែលពួកគេយល់ថាបានធ្វើឱ្យស្ថានភាពមនុស្សធម៌នៅកូរ៉េខាងជើង កាន់តែមានសភាពអាក្រក់ឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី លីនដា ថូម៉ាស់-ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យកូរ៉េខាងជើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះសុខមាលភាពប្រជាជនរបស់ខ្លួន តាមរយៈការគោរពសិទ្ធិមនុស្ស, បញ្ឈប់ការចំណាយលុយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគខុសច្បាប់»។ លោកស្រី បន្ថែមថាកូរ៉េខាងជើងគួរតែផ្តោតជាអាទិភាពលើតម្រូវការចាំបាច់នៃ ប្រជាជនរបស់ខ្លួន ជាពិសេសគឺប្រជាជនកូរ៉េខាងជើងងាយរងគ្រោះ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។ ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ ដែលនេះធ្វើឱ្យចិន និងរុស្ស៊ី មិនបានលើក សំណើរបស់ពួកគេទៅកាន់ការបោះឆ្នោតអនុម័តឡើយ៕