(ឡុងដ៍)៖ ព័ត៌មានសម្ងាត់ដ៏ធំមួយបានបែកធ្លាយ ដោយក្នុងនោះបញ្ជាក់ថា ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ (Elizabeth II) នៃចក្រភពអង់គ្លេស អាចនឹងដាក់រាជ្យនៅឆ្នាំ ២០២៣ ខាងមុខនេះ ហើយព្រះអង្គម្ចាស់ ឆាល (Charles) ដែលត្រូវជាបុត្រច្បង់របស់ទ្រង់ នឹងឡើងស្នងរាជ្យបន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT ដកស្រង់ប្រភពពីវែបសាយ Daily Star របស់អង់គ្លេសនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ ដែលមានព្រះជន្ម ៩៥ព្រះវស្សាទៅហើយនោះ ទើបតែបានប្រារព្ធព្រះរាជពិធី ដើម្បីអបអរសាទរការឡើងគ្រងរាជសម្បត្តិ រយៈពេល ៧០ឆ្នាំគត់របស់ទ្រង់ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ព្រះរាជពិធីទាំងមូលត្រូវបានធ្វើឡើងដោយសង្ខេបៗ ដែលទំនងជាដើម្បីទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺ COVID-19។

គួរបញ្ជាក់ថា កន្លងមកនេះ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី ២ ហាក់បានបង្ហាញអំពីចេតនារបស់ទ្រង់ ស្របទៅតាមប្រពៃណី និងទំនៀមទម្លាប់សែរាជវង្សរួចទៅហើយ ក្នុងការគាំទ្រព្រះអង្គម្ចាស់ Charles ជាបុត្រច្បងរបស់ទ្រង់ដែលមានព្រះជន្ម ៧៣ព្រះវស្សា ឲ្យក្លាយជាស្តេចស្នងរាជ្យបន្ត បើទោះបីជាសាធារណមតិភាគច្រើន ហាក់បានបង្ហាញក្តីរំពឹង និងគាំទ្រ ចំពោះព្រះអង្គម្ចាស់ វីលៀម (William) ដែលត្រូវបុត្ររបស់ព្រះអង្គម្ចាស់ Charles ក៏ដោយ៕