(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងយកឱកាសនៃការបំពេញដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៊ី នៅក្នុងសប្ដាហ៍នេះ ដើម្បីបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្ត និងយុទ្ធសាស្ត្រយូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន ដោយផ្ដោតសំខាន់លើតំបន់អាស៊ី-ប៉ាស៊ីហ្វិក បើទោះជា កំពុងជាប់ដៃដោះស្រាយវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដោយ។

លោក Blinken នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី, ហ្វីជី, និងរដ្ឋហាវៃ ដើម្បី ចូលរួមក្នុងកិច្ចពិភាក្សាជាមួយសម្ពន្ធមិត្តសំខាន់ៗនៅក្នុងតំបន់ និងបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការទប់ទល់ជាមួយអ្វីដែលសហរដ្ឋអាមេរិកហៅថាការកើនឡើងនៃ «ការសម្លុតគំរាមសេដ្ឋកិច្ច និងយោធា» ពីសំណាក់ចិន។

បើតាមការគ្រោងទុក លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេសក្វាដ (Quad) ដែលមានដូចជា អូស្ត្រាលី, ឥណ្ឌា, ជប៉ុន និងសហរដ្ឋអាមេរិក, ពិគ្រោះយោបល់ស្ដីពីសំណុំរឿងកូរ៉េខាងជើង ព្រមទាំងការព្រួយបារម្ភជាច្រើនពាក់ព័ន្ធនឹងប្រទេសដែនកោះប៉ាស៊ីហ្វិក ជាទីដែលក្រុមមន្ត្រី អាមេរិកជឿជាក់ចិនកំពុងមានបំណងបង្កើតមូលដ្ឋានទ័ពនៅទីនោះ។ ដំណើរទស្សនកិច្ចរបស់លោក Blinken មកកាន់តំបន់អាស៊ីកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិន និងរុស្ស៊ី បានប្រកាសពីភាពជា «ដៃគូយុទ្ធសាស្ត្រគ្មានព្រំដែន» ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក។

*អាទិភាពចម្បង

លោក Charles Edel ជាអ្នកជំនាញម្នាក់ស្ដីពីតំបន់អាស៊ី និងអូស្ត្រាលី មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិបានកត់សម្គាល់ថាដំណើរទស្សនកិច្ចរបស់លោក Blinken បានបញ្ជាក់យ៉ាងច្បាស់ថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសំខាន់ប៉ុនណាសម្រាប់សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងអាមេរិក និងចិន បាន និងកំពុងធ្លាក់ចុះដល់ចំណុចទាបបំផុត ដោយមហាអំណាចទាំង២ កំពុងប្រជែង និងមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន រាប់ចាប់ពីទីក្រុងហុងកុង, បញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង, តៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម។ ប៉ុន្តែ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះ សង្រ្គាមក្នុងតំបន់អឺរ៉ុប បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្តោតអារម្មណ៍របស់អាមេរិកលើតំបន់អាស៊ី។

នៅកំឡុងកិច្ចប្រជុំនៃប្រទេសជាសមាជិកក្វាដ ដែលគ្រោងនឹងប្រព្រឹត្តក្នុងទីក្រុង Melbourne ប្រទេសអូស្រ្តាលី ប្រទេសទាំង៤ ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាពី គោលដៅអនាគត ក្នុងនោះរួមមានទាំងគោលនយោបាយស្ដីពីអាកាសធាតុ និងការផ្ដល់វ៉ាក់សាំងបង្ការ COVID-19 ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ នៅមុនកិច្ចប្រជុំកំពូល មួយ រៀបចំឡើង នៅខែឧសភាខាងមុខនេះក្នុងប្រទេសជប៉ុន ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការចូលរួមដែរ។ ចំណែកឯ នៅកិច្ចប្រជុំនៅឯ
រដ្ឋហាវៃ លោក Blinken នឹងត្រូវជួបពិភាក្សាជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូងរបស់លោក ហើយរបៀបវារៈសំខាន់គឺផ្តោតលើសំណុំរឿងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។

ដោយឡែក នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសហ្វីជី និងបណ្ដាមេដឹកនាំនៃប្រទេសដៃនកោះក្នុងតំបន់ប៉ាស៊ីហ្វិក បញ្ហាអាកាសធាតុ និងសន្តិសុខរួមទាំងស្ថិរភាពក្នុងតំបន់ប៉ាស៊ីហ្វិក ជាពិសេសគឺការកើនឡើងឥទ្ធិពលចិន ក៏ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទសំខាន់ផងដែរ។ តាមពិតទៅ បើតាមអ្នកវិភាគ មួយចំនួន ការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបច្ចប្បន្ន គេស្គាល់ថា CPTPP បានបង្កការរាំងស្ទះដល់ការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយបណ្ដាប្រទេសក្នុងតំបន់ ខណៈប្រទេសជាច្រើនបានចាត់ទុកចិនជា ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ពួកគេ។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បាននិយាយថាសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចពិភាក្សាមួយស្ដីពីការ បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌូ-ប៉ាសីហ្វិកថ្មីមួយ ប៉ុន្តែមកទល់នឹងពេលនេះ វានៅមិនទាន់មានការបញ្ជាក់លម្អិតពីកិច្ចព្រមព្រៀងនេះនៅឡើយទេ ខណៈ អាមេរិកត្រូវបានគេមើលឃើញថា នៅតែមានភាពស្ទាក់ស្ទើរក្នុងការបង្កើនការបើកចំហទីផ្សារសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដ្បិតបារម្ភខ្លាចប៉ះពាល់ដល់ការងារ
របស់ប្រជាជនអាមេរិក៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២)