(គៀវ)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានសន្យាគាំទ្រយ៉ាងច្បាស់លាស់ ចំពោះអ៊ុយក្រែននៅថ្ងៃចន្ទនេះ ខណៈដែលលោកស្រីបានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដែលចង់ឱ្យទីក្រុងប៊ែរឡាំងធ្វើអ្វីបន្ថែមទៀត ដើម្បីជួយប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីអ៊ុយក្រែនបានរិះគន់អាល្លឺម៉ង់ជាសាធារណៈ ចំពោះការបដិសេធមិនលក់អាវុធការពារដល់ទីក្រុងគៀវ និងចំពោះការស្ទាក់ស្ទើររបស់ខ្លួនក្នុងការបិទលំហូរឧស្ម័នតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream2 ពីប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូបើកការវាយប្រហារ។

ដំណើរទស្សនកិច្ចរបស់លោកស្រី Baerbock ទៅកាន់ទីក្រុងគៀវ គឺជាលើកទីពីរហើយក្នុងរយៈពេល៣សប្តាហ៍ ដែលជាសកម្មភាពរបស់មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកណាតូ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់នៅជិតព្រំដែនរបស់ខ្លួន។

លោកស្រីបានគូសបញ្ជាក់ថា «ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុងគៀវ ខ្ញុំនឹងបញ្ជាក់ជាថ្មីម្តងទៀតនូវកន្លែងដែលយើងឈរ ខណៈដែល អ៊ុយគ្រែនជាដៃគូររបស់សហភាពអឺរ៉ុប អង្គការ NATO និងក្រុម G7 ដោយគ្មានលក្ខខណ្ឌណាមួយដែលអាចដោះដូរសម្រាប់ការបំពានលើបូរណភាពទឹកដីនៃប្រទេសនេះទេ»

លោកស្រីបន្តថា «រួមគ្នាយើងនឹងឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនជាមួយនឹងវិធានការតឹងតែង និងជាក់ស្តែងបំផុត»