(គូឡាំពួរ)៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរម៉ាឡេស៊ីកំពុងចាត់វិធានការដើម្បីត្រៀមរៀបចំ សម្រាប់ការកើនឡើងដែលអាចកើតមាន នៃករណីឆ្លងកូវីដ១៩ ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងជំរុញឱ្យមានការកើនឡើងនៃករណីឆ្លង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Khairy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វិធានការទាំងនោះរួមមានការចាប់ផ្តើមឡើងវិញនូវក្រុមការងារឆ្លើយតបរហ័សកូវីដ១៩ ថ្នាក់ជាតិ ដែលត្រួតពិនិត្យលើមន្ទីរពេទ្យ ចំនួនគ្រែក្នុងមន្ទីរពេទ្យ និងការសម្របសម្រួលជាមួយអ្នកផ្តល់សេវាថែទាំសុខភាពឯកជន។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីបានឃើញការកើនឡើង នៃការឆ្លងថ្មីក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដោយមានករណីថ្មីចំនួន ១១,០៣៤ករណី ត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ។ ពេលវេលាចុងក្រោយដែលប្រទេសនេះបានកត់ត្រាការឆ្លងថ្មីចំនួនប្រាំខ្ទង់គឺនៅក្នុងខែតុលាឆ្នាំមុន៕