(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយថាការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក គឺជា «បន្ទាត់ក្រហម» របស់ទីក្រុងតេហេរ៉ង់ នៅក្នុងកិច្ចចរចាជាមួយ បណ្ដាប្រទេសមហាអំណាច នៅឯទីក្រុងវីយ្យែន ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ដែលគ្រោងនឹងធ្វើឡើងជាថ្មី នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) បានបញ្ជាក់ដូច្នេះថា «បញ្ហាគឺស្ថិត នៅលើការដកទណ្ឌកម្ម ហើយវាគឺជាបន្ទាត់ក្រហមរបស់អ៉ីរ៉ង់នៅក្នុងកិច្ចចរចា...រដ្ឋាភិបាលអាមេរិក ដែលប្រកបដោយការទទួលខុសត្រូវគួរតែត្រឡប់មករក កិច្ចព្រមព្រៀង និងបំពេញកាតព្វកិច្ចរបស់ខ្លួន»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន, សហរដ្ឋអាមេរិកបានប្រកាសពីការលើកលែងទណ្ឌកម្ម ជាមួយការអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ អន្តរជាតិជាមួយអ៉ីរ៉ង់លើគម្រោងមួយចំនួន ដើម្បីតាមដានកុំឱ្យអ៉ីរ៉ង់ប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជាកន្លែងផលិតអាវុធនុយក្លេអ៊ែរ។ អ៉ីរ៉ង់បានហៅ
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថាជាចេតនាល្អ តែថាវាមិនទាន់គ្រប់គ្រាន់ឡើយ៕