(ម៉ូស្គូ)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ នាថ្ងៃចន្ទនេះ ដើម្បីព្យាយាមស្វែងរកការប្តេជ្ញាចិត្តពីសំណាក់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការបន្ធូរបន្ថយភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

កំលុងមួយសប្តាហ៍កន្លងមកនេះ លោក ម៉ាក្រុង បានធ្វើការសន្ទនាជាច្រើនតាមប្រព័ន្ធទូរស័ព្ទ ជាមួយក្រុមមេដឹកនាំនៃប្រទេសលោកខាងលិច ព្រមទាំងលោក ពូទីន ហើយនិងមេដឹកនាំអ៊ុយក្រែនផងដែរ។ បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតីរុស្ស៉ី លោកប្រធានាធិបតីបារាំងនឹងបន្តដំណើរ នៅថ្ងៃអង្គារសប្តាហ៍នេះ ទៅកាន់ទីក្រុងកៀវរបស់អ៊ុយក្រែនថែមទៀត ខណៈបេសកកម្មការទូតនេះ ត្រូវគេមើលឃើញថា អាចផ្តល់លទ្ធផលអាម៉ាស់ដល់លោក ម៉ាក្រុង វិញបាន ប្រសិនបើលោកត្រឡប់មកវិញដោយដៃទទេ។

គួរបញ្ជាក់ថា ក្រុមមេដឹកនាំប្រទេសលោកខាងលិចព្រួយបារម្ភថា ទីក្រុងម៉ូស្គូមានផែនការត្រៀមចូលឈ្លានពានអ៊ុយក្រែន ខណៈកងទ័ពរុស្ស៉ីប្រហែលជាង ១០០,០០០នាក់ ត្រូវបានប្រមូលផ្តុំនៅតាមបណ្តោយព្រំប្រទល់ក្បែរអ៊ុយក្រែន៕