(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានលើកឡើងថា កងទ័ពអាល្លឺម៉ង់បន្ថែមទៀត អាចនឹងត្រូវបញ្ជូនទៅកាន់ ប្រទេសលីទុយអានី ដើម្បីបង្កើនចំនួនកងកម្លាំងនៃអង្គការ NATO ស្ថិតនៅខ្សែត្រៀមជួរមុខ នៃតំបន់អឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Scholz ត្រូវបានសារព័ត៌មានក្នុងស្រុកអាល្លឺម៉ង់ ដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងកំពុងត្រៀមខ្លួនជានិច្ច ដើម្បីបញ្ចេញចំណាត់ការគ្រប់យ៉ាងដែលចាំបាច់ ដើម្បីពង្រឹងកងទ័ពប្រយុទ្ធរបស់អាល្លឺម៉ង់ នៅក្នុងប្រទេសលីទុយអានី»។ អធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានរំលឹកផងដែរថា មេដឹកនាំប្រទេសបាល់ទិក (Baltic States) ៣រូប មកពីប្រទេស អេស្តូនី, ឡាតវី និងលីទុយអានី នឹងធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួបពិភាក្សាជាមួយរូបលោក នៅថ្ងៃទី១០ ខែកុម្ភៈ។

យ៉ាងណាក៏ដោយ លោក Olaf Scholz បានច្រានចោលការរំពឹងទុកនានាថា អាល្លឺម៉ង់អាចបញ្ជូនសព្វាវុធ ទៅឲ្យប្រទេសអុយក្រែននោះ ព្រោះអាល្លឺង់គ្មាននយោបាយ បញ្ជូនអាវុធទៅកាន់តំបន់ជម្លោះណាមួយ នៅលើពិភពលោកនោះឡើយ។ ខណៈដែលរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេមើលឃើញថា កំពុងបន្តការព្រមានខ្លាំងឡើងៗ អំពីផែនការវាយប្រហារអ៊ុយក្រែនដោយរុស្ស៊ី ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនោះ បណ្តាប្រទេសនៅអឺរ៉ុបទៅវិញទេ គឺជាអ្នកកំពុងព្យាយាមស្វះស្វែង រកដំណោះស្រាយតាមផ្លូវទូត៕