(វ៉ាទីកង់)៖ ការបោះចោលផ្លាស្ទិកទៅក្នុងផ្លូវទឹកគឺជាទង្វើ «ឧក្រិដ្ឋ» ដែលត្រូវតែបញ្ឈប់ ប្រសិនបើមនុស្សជាតិចង់ជួយសង្គ្រោះភពផែនដីនេះ ឲ្យបន្តរស់រានសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ នេះបើតាមព្រះរាជបន្ទូលរបស់សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) នៃបុរីវ៉ាទីកង់ ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍រយៈពេលមួយម៉ោង នៅលើទូរទស្សន៍រដ្ឋ RAI របស់វ៉ាទីកង់ សម្តេច Pope ក៏បានរំលឹកឡើងវិញនូវប្រធានបទសំខាន់ៗមួយចំនួន ដែលទ្រង់ធ្លាប់មានព្រះបន្ទូលពីមុនមកផងដែរ ក្នុងនោះសម្តេចបានថ្កោលទោសចំពោះ ការចំណាយលើសលប់លើគ្រឿងសព្វាវុធ, ការការពារសិទ្ធិជនចំណាកស្រុក និងបញ្ហារសើបមួយចំនួនទៀត ពាក់ព័ន្ធការប្រតិបត្តិសាសនា។

សម្តេច Pope Francis ដែលកន្លងមកនេះបានធ្វើឱ្យការការពារបរិស្ថាន ក្លាយជាមូលដ្ឋានគ្រឹះនៃបុព្វជិតរបស់ទ្រង់នោះ បានរៀបរាប់ពីបញ្ហាដែលក្រុមអ្នកនេសាទអ៊ីតាលី បានមករកទ្រង់កាលពីមួយឆ្នាំមុននេះ ដើម្បីទូលទ្រង់ថា ពួកគេបានរកឃើញប្លាស្ទិកជាច្រើនតោននៅក្នុងសមុទ្រ អេឌ្រីយ៉ាទិក (Adriatic Sea) ហើយពេលក្រោយមកទៀត ពួកគេបានទូលទ្រង់ថា បានរកឃើញចំនួនផ្លាស្ទិក ២ដងច្រើនជាងលើកមុន ហើយពួកគេក៏បានជួយសម្អាត ផ្លាស្ទិកទាំងអស់នោះចេញខ្លះផងដែរ។

សម្តេច Pope បានក្រើនរំលឹកគ្រប់គ្នាថា «ការបោះចូលផ្លាស្ទិកចូលក្នុងសមុទ្រ គឺជាបទឧក្រិដ្ឋ។ ផ្លាស្ទិកសម្លាប់ជីវៈចំរុះ, វាបំផ្លាញភពផែនដី, វាបំផ្លាញអ្វីៗគ្រប់យ៉ាង»។ បើតាមតួលេខពីអង្គការមហាសមុទ្រអន្តរជាតិ ផ្លាស្ទិកគ្រប់ប្រភេទយ៉ាងហោចណាស់ ១២.៧លានតោន ត្រូវបានបោះចោលទៅក្នុងមហាសមុទ្រទូទាំងភពផែនដី នៅក្នុងមួយឆ្នាំៗ៕