(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃចន្ទនេះ បានថ្លែងថា លោកមានបំណង់ចង់ឱ្យកម្មវិធីចាក់វ៉ាក់សាំង COVID-19 ដូសជំរុញនៅក្នុងប្រទេសលោក មានល្បឿនទៅមុខកាន់តែលឿនថែមទៀត ឱ្យដល់ខ្ទង់១លានដូសក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ខែនេះ ដែលជាកំណើនទ្វេដងនៃល្បឿនបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោកនាយករដ្ឋមន្រ្តីជប៉ុនបានឱ្យដឹងថា លោកបានបង្គាប់ឱ្យរដ្ឋមន្រ្តីពាក់ព័ន្ធធ្វើការងារជាមួយរដ្ឋបាលតាមតំបន់នីមួយៗ ដើម្បីបង្កើនល្បឿននៃការចាក់ដូសជំរុញ ឱ្យបានខ្លាំងតាមតែអាចធ្វើទៅបាន។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ករណីឆ្លងប្រចាំថ្ងៃនៅទូទាំងប្រទេសជប៉ុន បានកើនលើស១០០,០០០ករណីជាលើកដំបូងបង្អស់ ខណៈបច្ចុប្បន្នតំបន់ភាគច្រើន កំពុងស្ថិតក្រោមវិធានការរឹតត្បិត ដើម្បីព្យាយាមបន្ធូរបន្ថយការឆ្លងរាលដាល ដែលជំរុញដោយវីរុស COVID-19 បំប្លែងថ្មី Omicron។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រជាជនប្រមាណជា៨០ភាគរយ នៅប្រទេសជប៉ុន បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែត្រឹម៦ភាគរយ ប៉ុណ្ណោះ ដែលបានចាក់ដូសជំរុញ៕