(កង់បេរ៉ា)៖ អូស្រ្តាលីទីបំផុតបានប្រកាសថា ខ្លួននឹងចាប់ផ្តើមស្វាគមន៍អ្នកដំណើរបរទេសសាជាថ្មីឡើងវិញ នៅក្នុងខែកុម្ភៈនេះ ប៉ុន្តែពួកគេត្រូវតែបានទទួលការចាក់វ៉ាក់សាំងរួចរាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

ប៉ុន្មានខែកន្លងមក ប្រទេសអូស្រ្តាលីបានបោះជំហានបណ្តើរៗ ដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រង COVID-19 នៅព្រំប្រទល់របស់ខ្លួន ដូចជា ការអនុញ្ញាតឱ្យបុគ្គលស្ថិតក្នុងក្រុមលើកលែងមួយចំនួន អាចធ្វើដំណើរចូលទៅបាន ក៏ដូចជាការបង្កើតកម្មវិធីធ្វើដំណើរដោយមិនចាំបាច់ ត្រូវធ្វើចត្តាឡីស័កជាមួយប្រទេសខ្លះៗ ដូចជានូវែលសេឡង់ជាដើម។

ប៉ុន្តែការបើកចំហឡើងវិញខាងលើ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ គឺជាលើកដំបូងបំផុត គិតចាប់តាំងពីការបិទព្រំប្រទល់កាលពី ខែមីនា ឆ្នាំ២០២០ ដែលមនុស្សរាល់គ្នាអាចធ្វើដំណើរទៅកាន់ ប្រទេសអូស្រ្តាលីពីគ្រប់ទីកន្លែងទាំងអស់ ដរាបណាពួកគេបានចាក់វ៉ាក់សាំងបង្ការ COVID-19 រួចរាល់។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃចន្ទនេះបាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកចាក់វ៉ាក់សាំងបានគ្រប់ដូស យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកត្រឡប់មកកាន់អូស្រ្តាលីសាជាថ្មី»

គួរបញ្ជាក់ថា ដូចទៅនឹងប្រទេសជាច្រើនទៀតដែរ ករណីឆ្លង COVID-19 នៅក្នុងប្រទេសអូស្រ្តាលី បានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែវីរុសបំប្លែងថ្មី Omicron។ ទោះជាបែបនេះក្តីមកទល់ឥឡូវ ប្រជាជនអូស្រ្តាលីប្រមាណ៨០ភាគរយហើយ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស និងជិត៣៥ភាគរយបានចាក់ដូសជំរុញ៕