(ប៉េកាំង)៖ អាជ្ញាធរនៅទីក្រុងប៉ាយសឺ (Baise) ភាគនិរតីនៃប្រទេសចិន ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម បានបង្គាប់ឱ្យប្រជាជនទាំងអស់កុំចេញពីផ្ទះ ហើយចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ ដើម្បីព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 ទោះវាជាចំនួនដ៏ទាបមួយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

ទីក្រុង Baise ដែលស្ថិតក្នុងតំបន់ក្វាងស៉ី (Guangxi) បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងសហគមន៍ចំនួន៣៧ករណី សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ខណៈតួលេខសម្រាប់១ថ្ងៃមុននោះ គឺតែ៦ករណីប៉ុណ្ណោះ។ កំលុងការបិទខ្ទប់ខាងលើ ប្រជាជនប្រមាណ៣.៦លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងនេះ គួរកុំចាកចេញផ្ទះ លើកលែងតែត្រូវទៅទិញសម្ភារៈចំបាច់ ឬត្រូវទៅធ្វើតេស្តរក COVID-19។ រីឯអាជីវកម្មមិនសូវសំខាន់ រួមជាមួយសាលារៀន និងមធ្យោបាយធ្វើដំណើរសាធារណៈ ក៏ត្រូវផ្អាកផងដែរ ខណៈបុគ្គលិកក្នុងវិស័យចាំបាច់ ត្រូវមានបណ្ណពិសេសជាប់ខ្លួន សម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង។ ចំណែកការធ្វើដំណើរដែលមិនចាំបាច់ចេញ-ចូលទីក្រុង គឺត្រូវបានហាមឃាត់។

គួរបញ្ជាក់ថា ទោះបីជាករណីឆ្លងខាងលើ ស្ថិតក្នុងកម្រិតមួយដ៏ទាប បើធៀបទៅនឹងប្រទេសជាច្រើនផ្សេងទៀតក៏ដោយ គឺវាស្របទៅតាមយុទ្ធសាស្រ្តថ្នាក់ជាតិរបស់ចិន ក្នុងការគ្រប់គ្រងឱ្យបានឆាប់រហ័សនូវ ការឆ្លងរាលដាល COVID-19 ក្នុងប្រទេស។ ដោយរាប់បញ្ចូលទាំងទីក្រុង Baise ប្រទេសចិនបានរាយការណ៍ករណីឆ្លងក្នុងស្រុកសរុបចំនួន៤៥ករណី សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ខណៈសម្រាប់១ថ្ងៃ មុននោះ គឺមានត្រឹម១៣ករណីប៉ុណ្ណោះ៕