(ប៉េកាំង)៖ យប់ថ្ងៃទី៤ខែកុម្ភៈ ការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី ២៤ បានសម្ពោធបើកជាផ្លូវការនៅក្រុងប៉េកាំង។ ក្នុងចំណោមអ្នកនយោបាយសំខាន់ៗអន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួត ក៏មានលោក ភូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានអញ្ជើញមកតាមការណាត់ដែរ។

«លើកនេះលោកអញ្ជើញមក បានសម្រេចការណាត់ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងារបស់យើង ជឿជាក់ថា «ជំនួបនៅរដូវផ្ការីករបស់យើង» មុខជានឹងបំពេញបន្ថែមនូវកម្លាំងរស់រវើកកាន់តែច្រើនឡើងៗដល់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី»។ កាលពីរសៀលថ្ងៃទី៤ខែកុម្ភៈ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងដូចពោលខាងលើ នៅពេលជួបពិភាក្សាការងារជាមួយលោក ភូទីន ប្រធានាធិបតីរុស្ស៊ី។ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងរវាងចិន និងរុស្ស៊ីព្រមទាំងបញ្ហាសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងស្ថិរភាពជាសកល។ ក្នុងនាមជាសមិទ្ធផលនយោបាយដ៏សំខាន់បំផុត ក្នុងជំនួបពិភាក្សាលើកនេះ ភាគីទាំងពីរបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងអន្តរជាតិ ក្នុងយុគសម័យថ្មី និងការអភិវឌ្ឍជានិរន្តរភាពសកលរវាងចិន និងរុស្ស៊ី»

នេះជាជំនួបពិភាក្សាទល់មុខគ្នាលើកដំបូង រវាងប្រមុខរដ្ឋចិន និងរុស្ស៊ីក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅ ហើយក៏ជាមិត្តចាស់ ដែលអនុវត្តតាមការសន្យាអស់រយៈពេល ៨ឆ្នាំផងដែរ។ កាលពីឆ្នាំ២០១៤ ពេលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅកាន់រុស្ស៊ី ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi តាមសេចក្តីអញ្ជើញរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ី ភាគីទាំងពីរក៏បានណាត់គ្នាថា នឹងជួបជុំគ្នាម្តងទៀតនៅក្រុងប៉េកាំង នៅឆ្នាំ២០២២ដែរ។ បច្ចុប្បន្ននេះ ការណាត់នេះបានក្លាយជាការពិតជាក់ស្តែងរួចហើយ។ «ការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងឱកាសការប្រកួតកីឡាអូឡាំពិក» ជាសក្សីនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅ រវាងប្រមុខរដ្ឋទាំងពីររូប ហើយក៏បានបកស្រាយយ៉ាងរស់រវើក ពីខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសហការ និងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីផងដែរ។

សេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរ បានចេញផ្សាយបានអធិប្បាយ អំពីគោលជំហររួមលើវិស័យទស្សនៈប្រជាធិបតេយ្យ ទស្សនៈអភិវឌ្ឍន៍ ទស្សនៈសន្តិសុខ និងទស្សនៈរបៀបរៀបរយ។ ពីការគូសបញ្ជាក់ថា «ប្រជាធិបតេយ្យជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល តែមិនមែនជាប៉ាតង់របស់ប្រទេសភាគតិចនោះទេ» រហូតដល់ចង្អុលបង្ហាញថា «ការអភិវឌ្ឍជាគន្លឹះសម្រាប់សម្រេចសុខសុភមង្គលរបស់ប្រជាជន» ពី «ការប្រឆាំងកម្លាំងខាងក្រៅជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរ» រហូតដល់ការអំពាវនាវឱ្យ «អនុវត្តជាក់ស្តែងនូវពហុភាគីនិយមដ៏ពិតប្រាកដ» សេចក្តីថ្លែងការណ៍រួមបានបញ្ចេញសញ្ញាយ៉ាងខ្លាំង ក្នុងការគាំពារយុត្តិធម៌អន្តរជាតិ និងជំរុញប្រជាធិបតេយ្យភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ។

ក្នុងជំនួបពិភាក្សាលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានពិភាក្សាអំពីបញ្ហាជាច្រើន ដែលធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងហិរញ្ញវត្ថុជាដើម ហើយរួមគ្នាប្រកាសពីការចាប់ដំណើរការជាផ្លូវការ នៃឆ្នាំផ្លាស់ប្តូរផ្នែកកីឡារវាងចិន និងរុស្ស៊ី។ ស្ថាប័ន និងសហគ្រាសពាក់ព័ន្ធនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជិត ២០ច្បាប់ ដើម្បីតាំងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ថែមមួយកម្រិតទៀត។

ពេលវេលាល្អបំផុតក្នុងមួយឆ្នាំគឺស្ថិតក្នុងរដូវផ្ការីក។ «ការណាត់ក្នុងឱកាសការប្រកួតកីឡាអូឡាំពិករដូវរងា» និង «ការណាត់នៅរដូវផ្ការីក» រវាងប្រមុខរដ្ឋចិននិងរុស្ស៊ី ដែលឆ្លងកាត់រយៈពេល ៨ឆ្នាំ បានរៀបប្លង់ផែនទីបង្ហាញផ្លូវ និងកំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី ក្នុងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មី។ ទំនាក់ទំនងរវាងចិននិងរុស្ស៊ី នឹងរីកចម្រើនយ៉ាងឆាប់រហ័សជានិច្ច!៕ (#CCFR Comment#)