(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បានជំរុញឱ្យមនុស្សម្នាទាំងអស់ រួមទាំងប្រជាជនអ៊ុយក្រែន កុំខ្វល់នឹងការព្យាករ ពីគ្រោះមហន្តរាយនៃសង្រ្គាម ពាក់ព័ន្ធនឹងការធ្វើសកម្មភាពយោធាភ្លាមៗណាមួយរបស់រុស្ស៊ី ដោយបញ្ជាក់ថាប្រទេសរបស់លោកមានភាពរឹងមាំ និងទទួលបាន

ការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មានពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) កាលពីសប្ដាហ៍មុនក៏បាននិយាយដែរថាអ៊ុយក្រែននឹងលិចបាត់ដូចជាកប៉ាល់ Titanic នោះទេ ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថាបានដុតបញ្ឆេះភាពភ័យខ្លាច ដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចអ៊ុយក្រែន ខណៈមិនមានរថក្រោះមួយគ្រឿងសោះនៅតាមដងផ្លូវ។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក គូឡេបា បានបញ្ជាក់ដូច្នេះថា «សព្វថ្ងៃ, អ៊ុយក្រែនមានកងទ័ពដ៏ខ្លាំងក្លា និងមានការគាំទ្រយ៉ាងខ្លាំងមិនធ្លាប់មានពីសំណាក់អន្តរជាតិ គួបផ្សំជាមួយជំនឿចិត្តយ៉ាងមុតមាំរបស់ប្រជាជនអ៊ុយក្រែន ចំពោះប្រទេសរបស់ពួកគេ។ ម្យ៉ាងវិញទៀត សត្រូវទេដែលជាអ្នកខ្លាចពួកយើង មិនមែនពួកយើងជាអ្នកខ្លាចពួកគេឡើយ»

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន, មន្ត្រីអាមេរិក២នាក់ បានអះអាងជាថ្មីថារុស្ស៊ីអាចនឹងត្រៀមខ្លួនរាល់សម្រាប់ការបើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះ ខណៈទីក្រុងម៉ូស្គូមត្រូវបានគេចោទថានៅតែបន្តបង្កើនសកម្មភាពយោធា នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន៕