(វ៉ាសូវី)៖ ប្រភពដ៏គួរឲ្យទុកចិត្តបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters ថា យន្តហោះយោធាមួយគ្រឿង បានដឹកយោធាអាមេរិកទៅចុះចតនៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ (ពេលវេលានៅទីក្រុងវ៉ាសូវី) ខណៈសហរដ្ឋអាមេរិកត្រូវបានគេដឹងថា កំពុងប្រមូលកម្លាំងនៃសម្ព័ន្ធមិត្តអង្គការ NATO នៅភាគខាងកើតអឺរ៉ុប ដើម្បីឆ្លើយតបនឹងស្ថានការណ៍តានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

នេះមិនមែនជារឿងអ្វីចម្លែកនោះឡើយ ព្រោះកាលពីថ្ងៃពុធសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសរួចទៅហើយថា លោកនឹងបញ្ជូនកងទ័ពអាមេរិកប្រមាណ ៣,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ និងរ៉ូម៉ានី ដើម្បីធានាសន្តិសុខឲ្យសម្ព័ន្ធមិត្តអង្គការ NATO ចំពោះមុខភាពតានតឹងជាមួយរុស្ស៊ី ដែលជាមហាយក្សយោធាលេខ ២ នៅលើពិភពលោកនេះ។

បើតាមការគូសបញ្ជាក់ ពីមន្ទីរបញ្ចកោណអាមេរិកបានឲ្យដឹងទៀតថា កងទ័ពប្រមាណ ១,៧០០នាក់ ដែលភាគច្រើនមកពីមូលដ្ឋានទ័ព ហ្វត ប្រ៊ែហ្គ (Fort Bragg) នៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) ត្រូវបានរៀបចំបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ។ យោធាមួយក្រុមដំបូង ត្រូវបានបញ្ជូនទៅកាន់ ប្រទេសអឺរ៉ុបខាងកើតមួយនេះ តាមរយៈយន្តហោះដឹកយោធា C-17 មួយគ្រឿង អមដោយយន្តហោះដឹកបរិក្ខាយោធា និងក្រុមជំនាញមួយចំនួនទៀត ទៅចុះចតនៅព្រលានយន្តហោះ ហ្សេសហ្សូវ-ចាស៊ីអនកា (Rzeszow-Jasionka) របស់ប្រទេសប៉ូឡូញ។

យ៉ាងណាក៏ដោយ, គេនៅមិនទាន់ដឹងឲ្យប្រាកដថា តើកាលពីថ្ងៃអាទិត្យនោះ មានយោធាអាមេរិកប៉ុន្មាននាក់ ត្រូវបានដឹកជញ្ជូនទៅដល់ប្រទសប៉ូឡូញនោះឡើយ, ប៉ុន្តែសម្រាប់យន្តហោះប្រភេទ C-17 មួយគ្រឿងត្រូវបានគេដឹងថា អាចមានសមត្ថភាពផ្ទុកយោធា ១០២នាក់ រួមជាមួយសម្ភារៈប្រើប្រាស់របស់ពួកគេផងដែរ៕