(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានជួបពិភាក្សាជាមួយលោកស្រី អាល់ស៊ីវ៉ា ភរិយារបស់លោកប្រធានាធិបតីអេក្វាឌ័រ នៅទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះលោកស្រី អាល់ស៊ីវ៉ា ដែលបានអមដំណើររបស់លោកប្រធានាធិបតីអេក្វាឌ័រ Lasso ដើម្បីចូលរួមពិធីបើក ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរវងាក្រុងប៉េកាំង ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសចិន។

ក្រោយពីបានដឹងថា លោកស្រី អាល់ស៊ីវ៉ា មានចំណាប់អារម្មណ៍ខ្លាំងចំពោះវប្បធម៌ប្រពៃណីចិន លោកស្រី Peng Liyuan បានរៀបចំជាពិសេសនូវការសម្តែង ល្ខោនប៉េកាំងរបស់ប្រទេសចិន ព្រមនិងណែនាំអំពីប្រវត្តិដ៏យូរលង់ និងលក្ខណៈសិល្បៈរបស់ល្ខោនប៉េកាំង ជូនចំពោះលោកស្រី អាល់ស៊ីវ៉ា។ លោកស្រី អាល់ស៊ីវ៉ា បានកោតសរសើរយ៉ាងខ្លាំង ចំពោះការសម្តែងសិល្បៈដ៏អស្ចារ្យ របស់អ្នកសម្តែងល្ខោនប៉េកាំង ហើយបានសម្តែងក្តីសង្ឃឹមថា នឹងមានឱកាសកាន់តែច្រើន ដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ប្រពៃណីចិន នាពេលអនាគត។

លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងអេក្វាឌ័រសុទ្ធតែមានវប្បធម៌ដ៏ជ្រាលជ្រៅ ភាគីទាំងពីរអាចធ្វើឱ្យស៊ីជម្រៅនូវកិច្ចផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជនប្រទេសទាំងពីរ និងធ្វើឱ្យចំណងមិត្តភាពរវាងចិន និងអេក្វាឌ័រ ចាក់ឫសកាន់តែជ្រៅនៅក្នុងដួងចិត្តរបស់ប្រជាជន៕