(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មួយថ្ងៃមុននឹងលោកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ។ នេះបើតាមវិមានប្រធានាធិបតីបារាំង និងសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានប្រធានាធិបតីបារាំង បានឱ្យដឹងថានៅក្នុងកិច្ចសន្ទនាមានរយៈពេល ៤០នាទី មេដឹកនាំនៃប្រទេសទាំង២ បានចែករំលែក ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីកិច្ចសម្របសម្រួលល្អមួយ មុនការបំពេញទស្សនកិច្ចរបស់លោក ម៉ាក្រុង។ លោក ម៉ាក្រុង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះនឹងបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដែលកំពុងប្រមូលផ្ដុំកងទ័ពនៅក្បែរតំបន់ព្រំដែន ដោយបង្កឱ្យមានការភ័យខ្លាចពីការផ្ទុះសង្រ្គាម។

ដោយឡែក បើតាមសេតវិមាន លោក ម៉ាក្រុង និងលោក បៃដិន បានពិភាក្សាគ្នាពីដំណោះស្រាយការទូត និងកិច្ចខិតខំប្រឹងប្រែងកំញើញ ឆ្លើយតបទៅនឹង ការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ បន្ថែមពីលើនេះ មេដឹកនាំទាំង២ ក៏បានអះអាងឡើងវិញផងដែរពីការគំាទ្ររបស់ពួកគេ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ, រុស្ស៊ីនៅតែបដិសេធថាខ្លួនគ្មានផែនការបើកការវាយប្រហារណាមួយលើអ៊ុយក្រែន ដូចការចោទប្រកាន់ពីសំណាក់
បណ្ដាប្រទេសលោកខាងលិចនោះឡើយ បើទោះជាកងទ័ពរបស់ខ្លួនជាង ១សែននាក់កំពុងឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែនក៏ដោយ៕