(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ចេក សល់លីវ៉ាន (Jake Sullivan) បានធ្វើការព្រមានធ្ងន់ៗថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អាចបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខទៀតនេះ ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ឲ្យលោក ពូទីន នូវមធ្យោបាយការទូតមួយ ចាកចេញពីវិបត្តិនេះ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Jake Sullivan បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ ជាមួយកម្មវិធីថ្ងៃអាទិត្យរបស់ទូរទស្សន៍អាមេរិក Fox News យ៉ាងដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងបន្ទប់បិទជិត។ នៅប៉ុន្មានថ្ងៃទៀត គិតចាប់ពីពេលនេះទៅ រុស្ស៊ីអាចនឹងចេញសកម្មភាពយោធា ប្រឆាំងនឹងអ៊ុយក្រែន... ឬវាអាចកើតឡើងនៅប៉ុន្មានសប្តាហ៍ទៀត គិតចាប់ពីពេលឥឡូវនេះ... ឬមួយក៏រុស្ស៊ី អាចជ្រើសរើសយកផ្លូវការទូតជំនួសវិញ»

ការលើកឡើងរបស់ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានខាងលើនេះ បានកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីអាមេរិក ២រូប បានថ្លែងថា ប្រទេសរុស្ស៊ីដែលបានក្រសោបយកតំបន់ គ្រីមៀ (Crimea) ពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ នោះ បានធ្វើការដាក់ពង្រាយ ៧០% នៃកងទ័ពប្រយុទ្ធដែលខ្លួនមានរួចទៅហើយ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន។ ប្រការនេះ បាននាំឲ្យពួកគេជឿជាក់ថា ការរុស្ស៊ីកំពុងត្រៀមបើកការវាយលុក ទ្រង់ទ្រាយធំ ចូលក្នុងទឹកដីអ៊ុយក្រែន។

គួរបញ្ជាក់ថា នៅក្រោយបណ្តាប្រទេសលោកខាងលិច បានប្រកាសថា រុស្ស៊ីបានដាក់ពង្រាយយោធាជាង ១០០,០០០នាក់ នៅក្បែរព្រំដែនអ៊ុយក្រែននោះ រុស្ស៊ីបានឆ្លើយតបទៅវិញថា នេះមិនមែនជាការត្រៀមផែនការ ដើម្បីវាយលុកអ៊ុយក្រែននោះឡើយ ប៉ុន្តែរុស្ស៊ីនឹងអាចចាត់វិធានការផ្នែកយោធា (មិនបញ្ជាក់ថាជាអ្វី) ប្រសិនបើការទាមទារឲ្យលោកខាងលិច មិនទទួលយកអ៊ុយក្រែន ជាសមាជិកអង្គការ NATO នោះ មិនបានសម្រេច៕