(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,១១២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,៧៩៧ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៩២៧ករណី, ខេត្ត Quảng Nam ៨៥៣ករណី និងខេត្ត Nghệ An៦៧៥ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន៦៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៣៤១,៩៧១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,១១២,៧១៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៨,៣២៤នាក់ដដែល៕