(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យអាជ្ញាធរសុខភាពសាធារណៈទាំងអស់ ប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារ ខណៈជំងឺនេះកំពុងបន្តឆ្លងរាលដាលគួរឱ្យបារម្ភក្នុងចំណោមក្មេងៗ ហើយអត្រាចាក់វ៉ាក់សាំងរបស់ពួកគេ ស្ថិតនៅកម្រិតដ៏ទាបមួយនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថាណាកន វ៉ាង់ប៊ុនគុងចាណា (Thanakorn Wangboonkongchana) បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្រ្តីថៃ ព្រួយបារម្ភអំពីអត្រាឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងចំណោមក្មេងៗ អាយុចាប់ពី៥-១១ឆ្នាំ ហើយចង់ឱ្យពួកគេ ទទួលបានការចាក់វ៉ាក់សាំងឆាប់រហ័សជាងមុន។

យោងតាមស្ថិតិរបស់រដ្ឋាភិបាលថៃ ការឆ្លង COVID-19 ក្នុងចំណោមកុមារនៃក្រុមអាយុខាងលើ មានចំនួនសរុប១២៣,៤០៣ករណី គិតក្នុងចន្លោះខែមេសា-ធ្នូ ឆ្នាំ២០២១ ឬស្មើនឹងជាមធ្យម ១៣,៧១១ករណីក្នុងមួយខែ ខណៈករណីឆ្លងចាប់ពីខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈនេះ គឺមានចំនួន១០,២៦៦ករណី។

គួរបញ្ជាក់ថា ចំនួនសរុបនៃកុមារនៅក្នុងប្រទេសថៃ ដែលស្ថិតក្នុងក្រុមអាយុ៥-១១ឆ្នាំ គឺមានប្រមាណជា៥លាននាក់ ប៉ុន្តែមកទល់ពេលនេះ ប្រហែល៤១,០០០នាក់ ឬស្មើនឹងត្រឹម០.៨ភាគរយប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងដូសដំបូង ដ្បិតក្រសួងសុខាភិបាលថៃ ទើបតែបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យពួកគេ កាលពីចុងខែមករាកន្លងទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត៕