(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអះអាងថា ប្រទេសរុស្ស៉ីបាននិងកំពុងតែបង្កើនការត្រៀមលក្ខណៈ ដែលនឹងអនុញ្ញាតឱ្យមានការលើកទ័ពឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែនបាន ប៉ុន្តែវាមិនទាន់ច្បាស់នោះទេថា ទីក្រុងម៉ូស្គូបានសម្រេចចិត្តជ្រើសរើសធ្វើយ៉ាងដូច្នោះរួចរាល់ហើយ ឬយ៉ាងណាឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រុមមន្រ្តីអាមេរិកខាងលើ ដោយផ្អែកលើប្រភពពីបណ្តាញស៉ើបការណ៍សម្ងាត់ បានឱ្យដឹងថា រុស្ស៉ីបានប្រមូលផ្តុំកម្លាំងទ័ពកើនដល់ប្រមាណ ១១០,០០០នាក់ នៅតាមបណ្តោយព្រំប្រទល់ក្បែរៗអ៊ុយក្រែន ប៉ុន្តែចារកម្មអាមេរិក មិនទាន់អាចកំណត់ច្បាស់នៅឡើយទេថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តឈ្លានពានអ៊ុយក្រែនពិតមែន ឬក៏យ៉ាងណា។

ក្រុមមន្រ្តីដដែលបានព្រមានថា កងទ័ពរុស្ស៉ីដែលត្រូវបានប្រមូលផ្តុំនោះ កំពុងបន្តកើនឡើងក្នុងល្បឿនមួយ ដែលនឹងអាចឱ្យលោក ពូទីន នូវកម្លាំងគ្រប់គ្រាន់ សម្រាប់ការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន គឺប្រហែល១៥០,០០០នាក់ នៅត្រឹមពាក់កណ្តាលខែកុម្ភៈនេះ។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអាមេរិក ប្រសិនបើរុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំមែននោះ កងទ័ពរុស្ស៉ីអាចចូលទៅដល់រដ្ឋធានីកៀវ ហើយផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky) ក្នុងរយៈពេលត្រឹម៤៨ម៉ោង ហើយវានឹងអាចបណ្តាលឱ្យមាន ជនស៉ីវិលចន្លោះ២៥,០០០-៥០,០០០នាក់ស្លាប់ រួមជាមួយកងទ័ពអ៊ុយក្រែនចន្លោះ៥,០០០-២៥,០០០នាក់ និងកងទ័ពរុស្ស៉ីចន្លោះ៣,០០០-១០,០០០នាក់៕