(ស៉ីដនី)៖ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះ បានបន្តអំពាវនាវឱ្យមានការដោះលែង អ្នកជំនាញសេដ្ឋកិច្ចលោក សន ថឺនែល (Sean Turnell) ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា ចាប់ឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Turnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អោង សាន ស៊ូ ជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំមុន ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយកំពុងប្រឈមនឹងការដាក់ទោសជាអតិបរមា ឱ្យជាប់ពន្ធនាគាររហូតដល់១៤ឆ្នាំ។

គួរបញ្ជាក់ថា ពាក់ព័ន្ធការចាប់ខ្លួនរបស់លោក Turnell រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ម៉ារីស ផេន (Marise Payne) បានចេញសេចក្តីថ្លែងការណ៍អំពាវនាវជាថ្មីម្តងទៀត ឱ្យមានការដោះលែងលោកជាបន្ទាន់ ក្រោមហេតុផលថា ការឃុំខ្លួនលោក Turnell គឺធ្វើឡើងដោយអយុត្តិធម៌ ហើយអូស្រ្តាលីច្រានចោលនូវ ការចោទប្រកាន់នានាប្រឆាំងនឹងរូបលោក៕