(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងហួស១លាននាក់ហើយ ក្រោយករណីឆ្លងប្រចាំថ្ងៃជិត ៣៩,០០០នាក់ទៀត ដែលជំរុញដោយការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Omicron ត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។

កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងដំបូងបំផុតនៃ COVID-19 កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយមិនយូរប៉ុន្មានឡើយនោះ ក៏បានក្លាយជាប្រទេសដំបូងគេក្រៅពីប្រទេសចិន ដែលជួបការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េខាងត្បូង KDCA តួលេខអ្នកស្លាប់នៅបន្តស្ថិតក្នុងកម្រិតទាបមួយនៅឡើយទេ ដោយករណីអ្នកជំងឺស្លាប់ថ្មីចំនួន១៥នាក់ ទើបត្រូវបានរាយការណ៍។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា ករណីឆ្លងប្រចាំថ្ងៃនាពេលបច្ចុប្បន្ន គឺខ្ពស់ជាងករណីឆ្លងកាលពីកំលុង២សប្តាហ៍មុន នៅពេលដែលវីរុស Omicron ចាប់ផ្តើមរាតត្បាតខ្លាំងក្លា ដល់ទៅប្រមាណជា៥ដង ប៉ុន្តែអត្រាអ្នកឈឺធ្ងន់ គឺបានបន្តស្ថិតក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបានដដែល។

គួរបញ្ជាក់ថា សរុបមកវិញ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 នៅទូទាំងប្រទេសសរុបចំនួន ១,០០៩,៦៨៨នាក់ និងស្លាប់ ៦,៨៧៣នាក់។ ចំណែកការចាក់វ៉ាក់សាំងវិញ គឺជាង៨៦ភាគរយនៃប្រជាជន ៥២លាននាក់នៅកូរ៉េខាងត្បូង ទទួលបានការចាក់គ្រប់ដូស និងជិត៥៥ភាគរយ បានចាក់ដូសជំរុញ៕