(តេហេរ៉ង់)៖ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សាដែស (Saeed Khatibzadeh) បាននិយាយថាការលើកលែងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក លើអ៉ីរ៉ង់មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់សារព័ត៌មាន ចាម៉ារ៉ាន់ (Jamaran) នៅថ្ងៃសៅរ៍នេះ លោក ខាទីបហ្សាដែស បានគូសបញ្ជាក់ដូច្នេះថា «ព័ត៌មានដែលយើងបានឮនៅថ្ងៃនេះ គឺនិយាយ តែពីទំហំនៃការដកទណ្ឌកម្មនុយក្លេអ៊ែរ ហើយអ្នកគ្រប់គ្នាសុទ្ធតែដឹងថាវាមិនទាន់គ្រប់គ្រាន់នោះទេ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ នោះគឺចាំបាច់ត្រូវតែដក ទណ្ឌកម្មទាំងអស់ ក្នុងនោះរួមមានទាំងទណ្ឌកម្មនុយក្លេអ៊ែរផងដែរ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាខ្លួននឹងលើកលែងការដាក់ទណ្ឌកម្មលើអ៉ីរ៉ង់ ដើម្បីអនុញាតឱ្យមានគម្រោង
កិច្ចសហប្រតិបត្តិការអន្តរជាតិ ខណៈកិច្ចចរចាទីក្រុងវីយ្យែន ក្នុងគោលដៅស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ឡើងវិញ បានឈានចូលដល់ដំណាក់កាលដ៏សំខាន់៕