(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,១១៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែលជា តួលេខអ្នកឆ្លងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែមកនេះ ដោយសារតែការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

បូកបញ្ចូលតួលេខអ្នកឆ្លងថ្មីខាងលើ បានធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៊ី កើនដល់ ២,៩០៤,១៣១នាក់ ក្នុងនោះស្លាប់ច្រើនជាង ៣២,០០០នាក់។

អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថាចំនួនករណីឆ្លងអាចនឹងបន្តកើនឡើង ប៉ុន្តែដោយសារមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ករណីអ្នកជំងឺឈឺធ្ងន់ក៏មានចំនួនតិច ផងដែរ។ គិតមកទល់នឹងពេលនេះ ប្រជាជនម៉ាឡេស៊ីពេញវ័យ ៩៧.៩ភាគរយបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ចំនួន២ដូស ខណៈ៥២.៣ភាគរយ បានទទួលដូសជំរុញ និង៨៨.៧ភាគរយ នៃប្រជាជនមានអាយុពី១២ ដល់១៧ឆ្នាំ បានចាក់វ៉ាក់សាំង២ដូស៕