(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។

២៖ តំណាងប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិកថា ការដោះស្រាយបញ្ហាអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង គឺស្ថិតនៅក្នុងដៃរបស់សហរដ្ឋអាមេរិកហើយ តែអាមេរិកត្រូវមានភាពស្មោះត្រង់ និងបត់បែនបន្តិច នោះទើបអាចសម្រេចកិច្ចការបាន។

៣៖ សភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតលើ សេចក្ដីព្រាងច្បាប់មួយមានកញ្ចប់ថវិការាប់ពាន់លានដុល្លារ ដែលមានគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហរដ្ឋអាមេរិកជាមួយចិន ព្រមទាំងពង្រឹង បច្ចេកវិទ្យាបន្ទះឈីប ឬសឺមីកង់ឌុចទ័រ (semiconductor)។

៤៖ សហរដ្ឋអាមេរិកទើបតែបង្ហើបឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានផ្តាច់ជីវិតទាហានខ្លួន ១៣នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថាន ១៧០នាក់ទៀតនោះ គឺត្រូវបានបង្កឡើងដោយ ភេរវករ ISIS តែម្នាក់ប៉ុណ្ណោះ ហើយវាក៏មិនមែនជាផែនការវាយប្រហារ ដែលមានភាពស្មុគស្មាញ ឬពិបាកក្នុងការទប់ស្កាត់នោះដែរ។

៥៖ អង្គការ NASA បានប្រកាសអំពីគម្រោងបង្កើត មន្ទីរស្រាវជ្រាវអវកាសថ្មីមួយទៀត ដើម្បីជំនួសស្ថានីយអវកាសអន្តរជាតិ (ISS) ដោយក្នុងនោះ NASA បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា-អវកាសឯកជនអាមេរិកចំនួន ៣ ដូចជា ប្ល៊ូអូរីជីន (Blue Origin), ណាណូរ៉ាក់ស៍ LLC (Nanoracks LLC) និង ណតស៍រ៉ប់ ហ្គ្រាំមែន (Northrop Grumman)។

៦៖ ភ្ញៀវទេសចរ ៥នាក់ និងពីឡុត២នាក់ បានស្លាប់ នៅពេលដែលយន្ដហោះរបស់ពួកគេធ្លាក់នៅឯតំបន់ណាស្កា (Nazca) នៃប្រទេសប៉េរូ កំឡុងធ្វើដំណើរកម្សាន្តទស្សនាពីលើតំបន់ទេសចរណ៍ដ៏ល្បីមួយនេះ៕