(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបង្ហើបឲ្យដឹង នៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងរៀបចំលើកលែងទណ្ឌកម្ម លើកម្មវិធី «នុយក្លេអ៊ែរស៊ីវិល» របស់អ៊ីរ៉ង់ហើយ ស្ថិតនៅក្នុងជំហានបច្ចេកទេសដ៏ចាំបាច់មួយ ដើម្បីត្រលប់ទៅរក កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

មន្ត្រីក្រសួងការបរទេសអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះខាងលើនេះបានថ្លែងថា ការលើកលែងទណ្ឌកម្មនានា នឹងក្លាយជាភាពចាំបាច់ក្នុងការជំរុញអ៊ីរ៉ង់ អនុវត្តឡើងវិញ (ការគោរពកិច្ចព្រមព្រៀង) ឲ្យបានឆាប់រហ័ស ប្រសិនបើកិច្ចព្រមព្រៀងថ្មី ស្តីពីការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់ អាចសម្រេចបានជោគជ័យ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែននោះ។

ការលើកលែងនេះ ក៏នឹងអនុញ្ញាតឱ្យប្រទេស និងក្រុមហ៊ុនផ្សេងៗទៀត ចូលរួមក្នុង «កម្មវិធីនុយក្លេអ៊ែរស៊ីវិល» របស់អ៊ីរ៉ង់ ដោយមិនភ័យខ្លាចរងការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកផងដែរ ហើយការធ្វើបែបនេះ គឺស្ថិតក្នុងគោលដៅលើកកម្ពស់ផ្នែកសុវត្ថិភាព និងការមិនរីកសាយភាយអាវុធប្រល័យលោក។

គួរបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ដែលរួមមានភាគីចូលរួមដូចជា អ៊ីរ៉ង់, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ចិន, បារាំង, អាល្លឺម៉ង់ និងរុស្ស៊ី គឺជាវេទិកាគន្លឹះសម្រាប់ភាគីពាក់ព័ន្ធ ធ្វើការពិភាក្សា ដើម្បីបង្កើតសមិទ្ធផលផ្នែកនយោបាយ ដ៏សំខាន់បំផុត។ គ្រប់ភាគីទាំងអស់ សុទ្ធតែរំពឹងចង់ឃើញ «លទ្ធផលវិជ្ជមាន» នាប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕