(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែនស៍ (Mike Pence) បានលើកឡើងនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកគ្មានសិទ្ធិអ្វីទៅច្រានចោល លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការលើកឡើងរបស់លោក Pence ខាងលើនេះ គឺជាការច្រានចោលទាំងស្រុង ចំពោះការអះអាងកាលពីពេលថ្មីៗនេះ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អតីតអនុប្រធានាធិបតីរូបនេះ គួរតែធ្វើការច្រានចោលនូវលទ្ធផលបោះឆ្នោត ព្រោះលោកមានសិទ្ធិធ្វើដូច្នេះបាន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ (ជាពេលដែលសភាទាំងពីរផ្តល់ការទទួលស្គាល់ លទ្ធផលបោះឆ្នោតជាផ្លូវការ)។

ជុំវិញបញ្ហានេះ លោក Pence បានសង្កត់ធ្ងន់ថា «លោកប្រធាន ត្រាំ យល់ខុសហើយ។ ខ្ញុំគ្មានសិទ្ធិអ្វី ទៅច្រានចោលលទ្ធផលបោះឆ្នោតនោះឡើយ។ តំណែងប្រធានាធិបតី ជារបស់ពលរដ្ឋអាមេរិក... យោងតាមរដ្ឋធម្មនុញ្ញ ខ្ញុំគ្មានសិទ្ធិកែប្រែលទ្ធផលបោះឆ្នោត របស់យើងបាននោះឡើយ»

គួរបញ្ជាក់ថា បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋបានចាញ់លោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យនោះ លោក ត្រាំ ដែលនៅសល់ពេលវេលា ក្នុងការតំណែងជាប្រធានាធិបតី បានដាក់សម្ពាធឲ្យលោក Pence ព្យាយាមធ្វើការរាំងខ្ទប់ មិនឲ្យមានការទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ ជាផ្លូវការដោយសភានោះឡើយ។ ប៉ុន្តែលោក Pence កាលណោះត្រូវបានគេមើលឃើញថា បានជ្រើសរើសមិនធ្វើតាមលោក ត្រាំ បង្គាប់បញ្ជានោះឡើយ៕