(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី នៅសប្ដាហ៍ក្រោយនេះ ដើម្បីបើកកិច្ចពិភាក្សា ជាមួយសម្ពន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិក Quad។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងការបរទេសអាមេរិកបានឱ្យដឹងទៀតថា លោក Blinken នឹងធ្វើដំណើរចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ទៅកាន់ប្រទេស អូស្ត្រាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃប្រទេស Quad រួមមានសហរដ្ឋអាមេរិក, ជប៉ុន, ឥណ្ឌា និងអូស្ត្រាលី ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ។ បន្ទាប់មក លោក Blinken នឹងជួបពិភាក្សាជាមួយមេដឹកនាំនៃប្រទេសដែនកោះហ្វីជី មុននឹងបន្តដំណើរឆ្ពោះទៅកាន់រដ្ឋហាវ៉ៃ ដើម្បីពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ស្ដីពីកូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសអាមេរិក, គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ី ជាពិសេសសម្ពន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនៅតែជាអាទិភាពចម្បងក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន បើទោះជាទីក្រុងវ៉ាស៊ីនតោនកំពុង ជាប់ដៃដោះស្រាយវិបត្តិអ៊ុយក្រែន និងរុស្ស៊ីក៏ដោយ៕