(យ៉ាវ៉ូរីវ)៖ កងទ័ពអ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបើកប្រតិបត្តិការហ្វឹកហ្វឺនមួយ នៅឯមូលដ្ឋានទ័ព យ៉ាវ៉ូរីវ (Yavoriv) ស្ថិតនៅភាគខាងលិចប្រទេស ដើម្បីប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះ (anti-tank missiles), ជើងទម្របាញ់ និងគ្រឿងបរិក្ខាយោធាឯទៀត ដែលត្រូវបានផ្តល់តាមរយៈកញ្ចប់ជំនួយយោធា ២០០លានដុល្លារ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមរូបភាពទាំងឡាយបានបង្ហាញឲ្យឃើញថា កងទ័ពអ៊ុយក្រែនបានរួមគ្នា ហ្វឹកហ្វឺនជំនាញនៃការប្រើប្រាស់ ឧបករណ៍សំខាន់ៗខាងលើនេះ នៅក្នុងស្ថានភាពដែលមានព្រិលទឹកកក ធ្លាក់យ៉ាងក្រាស់ឃ្មឹក ហើយនេះក៏មិនមែនជាលើកទី ១ នោះដែរ ដែលកងទ័ពអ៊ុយក្រែន បានធ្វើសមយុទ្ធរួមគ្នាបែបនេះ។

លោក អ៊ែនឌ្រី ប៊ែសត៍យុគ (Andriy Bestyuk) អ្នកនាំពាក្យនៃទីបញ្ជាការយោធាអ៊ុយក្រែន បានលើកឡើងថា «សព្វាវុធទាំងអស់នេះ នឹងជួយយើងក្នុងការបញ្ឈប់ និងបំផ្លាញរថពាសដែកយោធា ហើយសម្រាប់នៅបរិស្ថានមានអគារច្រើនវិញ វាក៏អាចឲ្យយើងកម្ទេចអគារ ដែលសត្រូវកំពុងលាក់ខ្លួនបានផងដែរ»។ យោធាអ៊ុយក្រែនម្នាក់ បានព្រលយពាក្យមួយឃ្លាថា «ប្រសិនបើអ្នកចង់បានសន្តិភាព អ្នកត្រូវត្រៀមខ្លួនជានិច្ចសម្រាប់សង្គ្រាម»

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយយោធា ពីសហរដ្ឋអាមេរិកជាបន្តបន្ទាប់ គិតចាប់តាំងពីការបាត់បង់ទឹកដីតំបន់ គ្រីមៀ (Crimea) កាលពីឆ្នាំ២០១៤ និងការបះបោរពីសំណាក់ ក្រុមឧទ្ទាមភាគខាងកើត។ ការផ្តល់ជំនួយយោធាថ្មីៗនេះ ទៅកាន់ប្រទេសអ៊ុយក្រែន ត្រូវបានសហរដ្ឋអាមេរិកបកស្រាយថា ជាការជួយប្រទេសនេះ ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃមុខ បើទោះបីជាទីក្រុងម៉ូស្គ បានអះអាងដដែលជាដដែលថា ខ្លួនគ្មានផែនការវាយប្រហារអ៊ុយក្រែនក៏ដោយ៕