(វ៉ាស៊ីនតោន)៖ អង្គការ NASA បានប្រកាសអំពីគម្រោងបង្កើត មន្ទីរស្រាវជ្រាវអវកាសថ្មីមួយទៀត ដើម្បីជំនួសស្ថានីយអវកាសអន្តរជាតិ (ISS) ដោយក្នុងនោះ NASA បានចុះហត្ថលេខាជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យា-អវកាសឯកជនអាមេរិកចំនួន ៣ ដូចជា ប្ល៊ូអូរីជីន (Blue Origin), ណាណូរ៉ាក់ស៍ LLC (Nanoracks LLC) និង ណតស៍រ៉ប់ ហ្គ្រាំមែន (Northrop Grumman)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីចុងឆ្នាំ២០២១ បានសម្រេចអូសបន្លាយពេលធ្វើប្រតិបត្តិការ ស្ថានីយអវកាសអន្តរជាតិ (ISS) រហូតដល់ឆ្នាំ ២០៣០ ដែលនឹងមានរយៈពេល ៣២ឆ្នាំ ក្រោយការចាប់ផ្តើមផ្គុំរូបរាង ISS នេះចេញជាលើកដំបូងនៅឆ្នាំ១៩៩៨។ ដោយឡែក ស្ថានីយអវកាសថ្មី ដែលនឹងត្រូវប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបាញ់បង្ហោះនៅចុងទសវត្សរ៍ ២០២០ មុន ISS ត្រូវទម្លាក់ចូលក្នុងសមុទ្រ ដូចកាលបរិច្ឆេទដែលត្រូវបានកំណត់។

គួរបញ្ជាក់តាមអង្គការ NASA បានប្រកាសចេញជាផ្លូវការក្នុងសប្តាហ៍នេះថា នៅក្រោយបេសកកម្មអូសបន្លាយ ត្រូវបានបិទបញ្ចប់ជាផ្លូវការនោះ តួយាន ISS ទាំងមូល នឹងត្រូវទម្លាក់ចូលក្នុងសមុទ្រនៅក្នុងខែមករា ឆ្នាំ២០៣១ នៅចម្ងាយ ២,៧០០គីឡូម៉ែត្រពីតំបន់ ផ័ញ នីម៉ូ (Point Nemo) ដែលជាកន្លែងកប់សាកសពផ្កាយរណបជាច្រើន ក្នុងនោះមានទាំងស្ថានីយអវកាសរុស្ស៊ី មៀរ (Mir) ផងដែរ ស្ថិតនៅភាគអាគ្នេយ៍ នៃមហាសមុទ្រប៉ាស៊ីហ្វិក៕