(ប៉េកាំង)៖ យប់ថ្ងៃទី៤ ខែកុម្ភៈ ពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកទី២៤ បានរៀបចំធ្វើនៅកីឡដ្ឋានជាតិក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីបើក ហើយបានប្រកាសបើកការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះជាផ្លូវការផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ដែលបានបើកធ្វើនៅទីក្រុងប៉េកាំងលើកនេះមិនត្រឹមតែស្របពេលនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃឆ្នាំខាល តាមចន្ទគតិចិនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវជាថ្ងៃចូលដល់និទាឃរដូវដែលភាសាចិនហៅថា «lìchūn» នៃរដូវកាលទាំង២៤ តាមចន្ទគតិចិនផងដែរ។

ថ្ងៃ «lìchūn» គឺជារដូវកាលដំបូងបង្អស់នៃរដូវកាលទាំង២៤ តាមចន្ទគតិចិន ចាប់ពីថ្ងៃនេះតទៅ និទាឃរដូវនឹងចាប់ផ្តើមមកដល់ជាសន្សឹមៗ ផែនដីនឹងប្រែពី ត្រជាក់ មកជាកក់ក្ដៅ ហើយអ្វីៗទាំងអស់នឹងវិវឌ្ឍលូតលាស់យ៉ាងផុលផុសជាបន្តបន្ទាប់។ ក្នុងនាមជាទីក្រុងមុនគេបង្អស់ ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅ និងរដូវរងាដោយជោគជ័យនៅលើពិភពលោក ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានទាក់ទាញអត្តពលិកចំនួនជិត ៣០០០នាក់ ដែលមកពីប្រទេស និងតំបន់ប្រហែល ៩០ ឱ្យចូលរួម ហើយវិញ្ញាសាប្រកួតនៅលើព្រិលទឹកកក ដែលបានកំណត់ និងបរិមាណមេដាយមាសនៃការប្រកួតលើកនេះ ក៏បានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាកន្លងមកផងដែរ។

សូមបញ្ជាក់ថា ខណៈពេលការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងរៀបចំធ្វើ ពិភពលោកបាន និងកំពុងប្រឈមនឹងការសាកល្បងជាច្រើន ដូចជាពិភពលោក កំពុងប្រឈមនឹងស្ថានភាពបម្រែបម្រួលថ្មីដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលមួយសតវត្សន៍កន្លងទៅនេះ និងជំងឺកូវីដ ១៩ ក៏បានរីករាលដាលយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក ពិភពលោកបានឈានចូលដំណាក់កាលមានភាពបម្រែបម្រួលយ៉ាងខ្លាំងក្លា ហើយមនុស្សជាតិកំពុងប្រឈមនឹងបញ្ហាជាច្រើន។
គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានដឹកនាំចលនាកីឡាអូឡាំពិកឱ្យឆ្ពោះទៅមុខដោយអង់អាចក្លាហាន ក៏ដូចជាបានដើរតួនាទីដ៏សំខាន់និងពិសេស
ក្នុងការជំរុញឱ្យពិភពលោករួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាជម្នះឧបសគ្គ ព្រមទាំងសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ។ ក្នុងបរិបទបែបនេះ គ្មានអ្វីគួរឱ្យសង្ស័យ ឡើយ បាវចនា «កាន់តែសាមគ្គីភាព» របស់ចលនាកីឡាអូឡាំពិកគឺជារបស់ដែលត្រូវការបំផុតក្នុងសម័យបច្ចុប្បន្ន។

គួររំលឹកថា ចាប់តាំងពីពាក្យស្លោក «ពិភពលោកតែមួយ សុបិនតែមួយ» ដែលបានផ្តួចផ្តើមកាលពីឆ្នាំ២០០៨ ដល់ពាក្យស្លោក «រួមគ្នាឆ្ពោះទៅកាន់អនាគត»
នៅឆ្នាំ២០២២ ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងចលនាកីឡាអូឡាំពិក ប្រកាន់ខ្ជាប់ផ្សព្វផ្សាយស្មារតីអូឡាំពិក គឺជាអ្នកស្វែងរកនិងជាអ្នកអនុវត្តជាក់ស្តែង ដ៏មុតមាំនៃឧត្តមគតិកីឡាអូឡាំពិក។ ឆ្លងតាមរយៈការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ប្រទេសចិនសម្រេចបានដោយជោគជ័យក្នុងការជំរុញឱ្យប្រជាជនចិន ចំនួន ៣ រយលាននាក់ចូលរួមសកម្មភាពកីឡាលើព្រិលទឹកកក ក៏ដូចជាជំរុញដល់ការអភិវឌ្ឍក្នុងតំបន់ កិច្ចកសាងអេកូឡូស៊ី ការច្នៃប្រឌិតថ្មីបែបបៃតង និងកែលម្អ ជីវភាពរស់នៅរបស់ប្រជាជន ហើយបានត្រួសត្រាយលំហរកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍនៃកីឡាព្រិលទឹកកកនៅទូទាំងពិភពលោក។

តាមការពិត ឆ្លងកាត់ការរៀបចំការប្រកួតកីឡាអស់រយៈពេលជាង ៦ឆ្នាំ និងពុះពារផលប៉ះពាល់ដែលបណ្តាលមកពីកត្តាគ្រប់ប្រភេទដូចជាការីករាលដាលនៃជំងឺ កូវីដ ១៩ ជាដើម ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបានរៀបចំធ្វើតាមពេលកំណត់ ប្រការនេះក៏អាចឆ្លុះបញ្ចាំងពីកាតព្វកិច្ច និងទំនួលខុសត្រូវ របស់ប្រទេសចិនក្នុងការជំរុញសាមគ្គីគ្នាជាសកលផងដែរ។

ទាំងមានវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗអន្តរជាតិជាង ៣០រូប ក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ព្រមនិងសកម្មភាពពាក់ព័ន្ធនានា រហូតដល់អង្គការសហប្រជាជាតិ បានដាក់លក់តែមប្រៃសណីយ៍អំពីការប្រកួតកីឡាអូឡាំពិករដូវរងាជាលើកដំបូង ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបានក្លាយជាវេទិកាដ៏ល្អប្រសើរសម្រាប់សាមគ្គីពិភពលោកតាមរយៈស្មារតីកីឡា ហើយក៏បានក្លាយជាការអនុវត្តដ៏រស់រវើកសម្រាប់ជំរុញការបង្កើត សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិផងដែរ។

ពិភពលោកមានការរំពឹងទុកចំពោះប្រទេសចិន ប្រទេសចិនក៏បានធ្វើត្រៀមលក្ខណៈរួចហើយដែរ។ ជឿជាក់ថាភ្លើងពិសិដ្ឋអូឡាំពិកដែលបានអុជនៅក្រុងប៉េកាំង នឹងបង្ហាញពីឆន្ទៈដ៏មុតមាំនិងកម្លាំងសាមគ្គីគ្នារបស់មនុស្សជាតិទាំងមូល ហើយនឹងបំផុសជំនឿចិត្តដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព និងវិបុលភាព៕