(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបង្ហើបឲ្យដឹង នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានផ្តាច់ជីវិតទាហានខ្លួន ១៣នាក់ និងជនស៊ីវិលអាហ្វហ្កានីស្ថាន ១៧០នាក់ទៀតនោះ គឺត្រូវបានបង្កឡើងដោយ ភេរវករ ISIS តែម្នាក់ប៉ុណ្ណោះ ហើយវាក៏មិនមែនជាផែនការវាយប្រហារ ដែលមានភាពស្មុគស្មាញ ឬពិបាកក្នុងការទប់ស្កាត់នោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន អគ្គមេបញ្ជាការនៃកងម៉ារីនសហរដ្ឋអាមេរិក លោក ហ្វ្រេង ម៉ាកខិនហ្ស៊ី (Frank McKenzie) បានបង្ហើបឲ្យដឹង ក្រោយការស៊ើបអង្កេតអស់ជាច្រើនខែមកនេះថា គ្រាប់បែកទំហំ ៥មីលីម៉ែត្រ ត្រូវបានបញ្ជូនឆ្លងកាត់ហ្វូងមនុស្ស នៅក្នុងច្រក អាប់បី (Abbey) នៃព្រលានយន្តហោះអន្តរជាតិទីក្រុងកាប៊ុល។ លោកបានបញ្ជាក់បន្ថែមទៀតថា ការស៊ើបអង្កេតពុំបានរកឃើញភស្តុតាង ដែលបញ្ជាក់អំពីការបាញ់កាំភ្លើងបន្ថែម ក្រោយការបំផ្ទុះគ្រាប់បែកកើតឡើង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នោះឡើយ។

យ៉ាងណាក៏ដោយ មេបញ្ជាការជាន់ខ្ពស់អាមេរិកខាងលើនេះ បានសង្កត់ធ្ងន់ថា លទ្ធផលនៃការស៊ើបអង្កេតចុងក្រោយនេះ បានបង្ហាញអំពីលទ្ធផលផ្ទុយ ពីការសន្និដ្ឋាននៅក្រោយការវាយប្រហារ ផ្ទុះឡើងដំបូងៗ ព្រោះកាលពីមុនកងទ័ពសហរដ្ឋអាមេរិកបានគិតថា វាជាទង្វើរបស់ក្រុមខ្មាន់កាំភ្លើងរបស់បណ្តាញភេរវករ ISIS-K ដែលមានការរៀបចំផែនការដ៏ស្មុគស្មាញ មុនពួកគេបើកការវាយប្រហារ។ ប៉ុន្តែលទ្ធផលស៊ើបអង្កេតចុងក្រោយ បានបង្ហាញបែបនេះវិញថា ការបំផ្ទុះគ្រាប់បែកត្រូវបានធ្វើឡើង ដោយសមាជិក ISIS តែម្នាក់ប៉ុណ្ណោះ ហើយវាក៏មិនមែនជាផែនការដ៏ស្មុគស្មាញ ដែលពិបាកក្នុងការទប់ស្កាត់នោះដែរ។

គួរបញ្ជាក់ថា ការបំផ្ទុះគ្រាប់បែកខាងលើនេះ បានកើតមានឡើងខណៈដែល កងទ័ពសហរដ្ឋអាមេរិក កំពុងតែសម្រុកដឹកនាំមនុស្សដែលមានសិទ្ធិជ្រកកោណ នៅសហរដ្ឋអាមេរិក ចាកចេញពីប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ការជម្លៀសមនុស្សក្នុងគ្រានោះ ត្រូវបានអន្តរជាតិមើលឃើញថា គឺជាភាពចលាចលដ៏ខ្លាំងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃការជម្លៀសមនុស្សតាមផ្លូវអាកាស ហើយក៏បានធ្វើរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ខូចមុខមាត់យ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ៕